Register Already an agent ? Login

មន្ទីរដែនដីខេត្តបន្ទាយមានជ័យ ផ្អាកសំណង់អាគារមួយចំនួននៅប៉ោយប៉ែត ដែលសង់ខុសបច្ចេកទេស និងគ្មានច្បាប់

ប៉ោយប៉ែត៖ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បាន​ផ្អាកជាបណ្ដោះអាសន្ន​ការដ្ឋាន​សាងសង់​អគារ​មួយចំនួន នៅក្នុង​ក្រុង​ប៉ោយប៉ែត ក្រោយពីបានចុះពិនិត្យ ឃើញថាខុសបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតសាងសង់។ បើតាមទំព័រហ្វសប៊ុក មន្ទីរដែនដីខេត្តបន្ទាយមានជ័យថ្ងៃទី៨ ខែមករា នេះ។

មន្ទីរដែនដីខេត្តខាងលើ បានឱ្យដឹងថា ក្រោយចុះពិនិត្យការដ្ឋានសាងសង់បានឃើញថា ការសាងសង់ពុំមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន។ ជាមួយគ្នានេះ ការដ្ឋានសាងសង់ពុំមានគម្រោងប្លង់ ដូចជា ស្ថាបត្យកម្ម, គ្រឿងផ្គុំសំណង់, មេការនិកទឹកនិងភ្លើង និងរបាយការណ៍ពិសោធន៍ដីជាដើម។

ក្នុងនោះដែរ អ្នកជំនាញក្នុងវិស័យសំណង់ ឬអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ឬក្រុមហ៊ុនប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ពុំទាន់មានអាជ្ញាបណ្ណត្រឹមត្រូវ និងពុំមានអ្នកគ្រប់គ្រងការដ្ឋានសំណង់។ ជាការបន្តរបស់មន្ទីរដែនដីដដែល បន្តទៀតថា មានអ្នកស្នាក់នៅក្នុងការដ្ឋានពេលដែលកំពុងដំណើរការសាងសង់ មិនត្រឹមតែប៉ុណ្ណោះ គ្មានវិញ្ញាបនបត្រធារារ៉ាប់រងការងារ។

មន្ទីរដែនដីខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ម្ចាស់សំណង់អាចទទួលបានការអនុញ្ញាតឱ្យបើកការដ្ឋានឡើងវិញ លុះត្រាតែបានអនុវត្តការណែនាំរបស់មន្ទីរមានសមត្ថជាមុនសិន ដូចជា ម្ចាស់សំណង់ត្រូវ បំពេញនូវចំណុចខ្វះខាត ផ្នែកបច្ចេកទេស និងច្បាប់ដូចបានបញ្ជាក់ខាងលើជាមុនសិន ជាមួយគ្នានេះដែរ ម្ចាស់សំណង់ត្រូវរកអ្នកត្រួតពិនិត្យនិងបញ្ជាក់ ឬក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់ ដែលមានអាជ្ញាបណ្ណ មកពិនិត្យ វិភាគ គណនា បញ្ជាក់ ដើម្បីធានាសុវត្ថិភាពសំណង់។

ម្ចាស់ការដ្ឋានមិនត្រូវអនុញ្ញាតឱ្យជាង ឬកម្មករស្នាក់នៅក្នុងការដ្ឋានជាដាច់ខាត ពេលដែលការដ្ឋានកំពុងដំណើរការ។ ក្នុងនោះដែរ ម្ចាស់សំណង់ ឬក្រុមហ៊ុនសាងសង់ត្រូវមានវិញ្ញាបនបត្រធារារ៉ាប់រង។ ជាការសង្កត់ធ្ងន់ ក្នុងការណែនាំរបស់មន្ទីរដដែល បានបញ្ជាក់ឱ្យដឹងថា «មន្ទីរនឹងបន្ត ចុះពិនិត្យលើផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ជាបន្តបន្ទាប់នៅគ្រប់ក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមានជ័យ»។

សូមរម្លឹកថា កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៩ មានការបាក់រលំ​អគារ​កម្ពស់ ​៧​ជាន់​នៅ ខេត្តព្រះសីហនុ សម្លាប់​មនុស្ស​២៨​នាក់ និង​មាន​អ្នករបួស​ ២៦​នាក់​។ កាលពីដើម​ខែធ្នូ ឆ្នាំ​ដដែល បាក់រលំ​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក​នៅខេត្ត​សៀមរាប បានសម្លាប់​មនុស្ស​ ៣​នាក់ និង​មាន​អ្នករបួស​១៣​អង្គ​/​នាក់​។ កាលពីថ្មីៗនេះ បាក់រលំ​អគារ​កម្ពស់ ​៦​ជាន់​នៅ​ក្រុងកែប ដើមខែ​មករា ឆ្នាំ​២០២០​ បាន​សម្លាប់​មនុស្ស ​៣៦​នាក់ និង​មាន​អ្នករបួស​ ២៣​នាក់ ក្នុងចំណោម៥៩នាក់៕

ដោយ៖ឌីណា