Register Already an agent ? Login

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារសម្រេចការសាងសង់បានប្រមាណ ៨០ភាគរយ

ភ្នំពេញ៖ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បួងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ គិតមកដល់ពេលបច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណ ៨០ភាគរយហើយ។

ស្ពានខាងលប្រើរយៈពេលសាងសង់ចំនួន ៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នានៅដើមឆ្នាំ២០២១។ បើតាមការឱ្យពីក្រសួងដឹកជញ្ជូន បន្តថា ការសាងសង់ស្ពាននេះ ចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។

ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអារម៉េ។ ជាការបន្តពីក្រសួងដដែល បន្ថែមថា ក្រៅពីការសាងសង់ស្ពាន ក៏មានការសាងសង់កំណាត់ផ្លូវតភ្ជាប់សងខាងស្ពានដែលមានប្រវែង ៨.៣២៣ម៉ែត្រផងដែរ។

ស្ពាននេះ ចាប់ផ្តើមពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ជាការឱ្យដឹងបន្ថែមពីក្រសួងដឹកជញ្ជូន និងបានបន្ថែមទៀតថា ក្រុមការងារអនុវត្តគម្រោង ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់ សោចទឹកជាប្រចាំតាមបណ្តោយផ្លូវតភ្ជាប់ ដើម្បីកុំដីហុយ និងរៀបចំស្លាកសញ្ញាចរាចរណ៍ ខ្សែចំណាំងផ្លាតការពារតាមជម្រាលជើងទេរ និងប្រព័ន្ធភ្លើងសញ្ញាបំភ្លឺពេលយប់ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីធានាសុខសុវត្ថិភាពអំឡុងពេលសាងសង់ស្ពាននេះ៕

ដោយ៖ឌីណា