ភ្នំពេញ៖ បារាំងផ្ដល់ឥណទានសម្បទានដល់កម្ពុជាចំនួន ១១៨លានអឺរ៉ូ (ប្រមាណ ១២១,៣២លនដុល្លារ) តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ទៅលើគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាក់កាលទី២ និងសម្រាប់អភិវឌ្ឍន៍ជំនាញសម្រាប់ការប្រគួតប្រជែង។
ការផ្ដល់ប្រាក់កម្ចីខាងលើ ដែលមានការចុះហត្ថលេខាព្រមព្រៀងទទួល ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។
តាមរយៈកិច្ចព្រមព្រៀងខាងលើ AFD នឹងផ្ដល់ប្រាក់កម្ចីបន្ថែមចំនួន ១០០លានអឺរ៉ូ (ប្រមាណ ១០១,៤លានដុល្លារ) សម្រាប់បន្តអនុវត្តគម្រោងជំហានទី១ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។ គម្រោងនេះ មានទិសដៅ សាងសង់ស្ថានីយ៍បូមទឹក ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥ ០០០ម៣ក្នុង១ថ្ងៃ។
កិច្ចព្រមព្រៀងដដែលនេះ AFD នឹងផ្ដល់ប្រាប់កម្ចីចំនួន ១៨លានអឺរ៉ូ (ប្រមាណ ១៩,៩២លានដុល្លារ) លើគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រគួតប្រជែង ដែលមានទិសដៅ កែលម្អ និងលើកកម្ពស់គុណភាពនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតក្រោយមធ្យម។
ការផ្ដល់ហិរញ្ញប្បទានទៅលើគម្រោងទាំងពីរខាងលើ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្ដីត្រូវការជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអភិវឌ្ឍធនធានមនុស្សតាមរយៈលើកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព និងសហគ្រិន ព្រមទាំងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនតាមរយៈពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងការបំពាក់ប្រព័ន្ធចែកចាយ និងផ្គត់ផ្គង់ទឹកស្អាត។ ជាការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ទៀតថា ហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលបារាំង តាមរយៈ AFD ផ្តោតទៅលើវិស័យអាទិភាពសំខាន់ៗរួមមាន៖ អភិវឌ្ឍន៍កសិកម្ម និងហេដ្ឋារចនាសម្ប័ន្ធជនបទ, បណ្ដុះបណ្ដាលជំនាញ, គាំទ្រវិស័យផលិតកម្ម, ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ គិតចាប់ពីឆ្នាំ១៩៩៣ ដល់ដំណាចខែធ្នូ ឆ្នាំ២០១៩ រដ្ឋាភិបាលបារាំងបានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៨០២លានអឺរ៉ូ ក្នុងនេះមានទាំងហិរញ្ញប្បទានឥតសំណង និងឥណទានគ្មានការប្រាក់ជាដើម៕
ដោយ៖ឌីណា