Register Already an agent ? Login

នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានចំនួន ៨,២ពាន់លានដុល្លារ កើន២៧ភាគរយ

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សរុបនឹងកើនឡើងចំនួន ៨,២ ពាន់លានដុល្លារ ស្មើនឹងកំណើនចំនួន ២៧ភាគរយ ធៀបនឹងឆ្នាំ២០១៨។ ជាក់ស្ដែង នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុបទ្វេភាគីមានចំនួន ៦,៥ ពាន់លានដុល្លារ កើនឡើង ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ ពាន់លានដុល្លារ។ តាមការថ្លែងរបស់ លោក យឹម ឆៃលី នាពេលសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

 នៅក្នុងពិធីខាងលើ លោក បានបន្តថា ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ និងធុរកិច្ច ពីបរទេសមកកាន់ប្រទេសកម្ពុជា តាមរយៈការដាក់តាំងបង្ហាញគំរូផលិតផលសក្ដានុពលកម្ពុជា និងឯកសារនានា ដែលទាក់ទងនឹងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា ជូនដល់វិនិយោគិន ធុរជន និងប្រជាជនចិន ដើម្បីស្វែងយល់ពីឱកាសធុរកិច្ច វិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។

ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗនៃប្រទេសចិន ជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌។ ជាការបន្ថែមរបស់ លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ។

លោក បានបន្ថែមទៀតថា មជ្ឈមណ្ឌលជាចំណុចប្រសព្វនៃព័ត៌មាន ដែលវិនិយោគិន ធុរជន និងប្រជាជនចិនអាចទទួលបានដោយផ្ទាល់ និងនៅជិតដៃ ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីផលិតផលនាំចេញសក្ដានុពល បរិយាកាសធុរកិច្ច និងវិនិយោគ ក៏ដូចជាវប្បធម៌ និងទិសដៅទេសចរណ៍នៃប្រទេសកម្ពុជា ក្នុងគោលបំណងទាក់ទាញទាំងពាណិជ្ជករ វិនិយោគិន និងទេសចរណ៍មកកាន់ប្រទេសកម្ពុជា។

មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងគុនមិញ ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាដទៃទៀត នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ក៏ដូចជាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងជាលំដាប់។ ជាការបញ្ជាក់ របស់ លោក យឹម ឆៃលី។

នៅក្នុងពិធីដដែល លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងគុនមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ ដែលកម្ពុជាបានបើកមជ្ឈមណ្ឌលបែបនេះ ចំនួនប្រាំរួចមកហើយនៅទីក្រុងក្វាងចូវ ហាយនីង ស៊ីអាន ហុងកុង និងយានថាយ។

លោក បានបន្តថា ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មទាំង៦ ក៏ដូចជាកិច្ចព្រមព្រៀងដែលកម្ពុជាមានរួចមកហើយ ជាមួយនិងចិន-កម្ពុជា។ លោក បន្ថែមថា នឹងពិនិត្យលទ្ធភាពដើម្បីឈានទៅដល់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក្នុងឆ្នាំ២០២០ ខាងមុខ ទាំងអស់នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ ក៏ដូចជាបង្កើតនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជននៃប្រទេសទាំងពីរ៕

ដោយ៖ឌីណា