ភ្នំពេញ៖ ក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) មកពីខេត្ត Gansu ប្រទេសចិន គ្រោងនឹងចុះ MoU ជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការសិក្សាស្រាវជ្រាវរួមគ្នាលើការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា។ ព្រមទាំងការធ្វើឱ្យប្រសើឡើងនូវការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដីសម្រាប់វិស័យកសិកម្ម រួមជាមួយនឹងការជ្រើសរើសទីតាំងអនុវត្តគម្រោងសាកល្បង ស្តីពីការរៀបចំប្រព័ន្ធថាមពលសូឡា បូមទឹកក្រោមដីសម្រាប់ស្រោចស្រព នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។
គម្រោងចុះ MoU ខាងលើ ក្នុងឱកាស លោក Chengxiang MA នាយករងនៃក្រុមហ៊ុន GAWC ក្នុងជំនួបកិច្ចពិភាក្សាជាមួយ លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។ លោគ វេង សាខុន បានកោតសរសើក្រៃលែងចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រុមហ៊ុនខាងលើ ដែលបានចំណាយពេលវេលាចុះសិក្សាស្រាវជ្រាវ និងកំណត់សក្តានុពលតំបន់ដែលអាចមានប្រភពទឹកក្រោមដីគ្រប់គ្រាន់ និងដំណើរការនៃគម្រោងសាកល្បងនាពេលខាងមុខឱ្យបានឆាប់។
លោក រដ្ឋមន្រ្តីបានបន្តថា ម្យ៉ាងវិញទៀតការប្រើប្រាស់ប្រព័ន្ធសូឡាសម្រាប់បូមទឹកក្រោមដីមកប្រើប្រាស់គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់កម្ពុជា ដែលអាចកាត់បន្ថយការចំណាយថាមពលអគ្គីសនី កម្លាំងពលកម្ម ក្នុងការពង្រីការអភិវឌ្ឍវិស័យកសិកម្ម និងមាននិរន្តរភាពយូរអង្វែង។
ជំនួបខាងលើនោះដែរ លោក Chengxiang MA បានលើកលើកឡើងឱ្យដឹងថា ក្រុមហ៊ុនបានកំពុងតែគៀរគររកជំនួយពីគ្រប់ដៃគូវិនិយោគនៅប្រទេសចិនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងតាមរយៈគម្រោងអភិវឌ្ឍផ្សេងៗទៀតក្នុងវិស័យនេះ។ លោក ក៏បានស្នើ ទៅលោក រដ្ឋមន្រ្តី បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវការគ្រប់គ្រងទឹកក្រោមដី តាមកន្លែងមួយចំនួនដូចជា អគ្គនាយកដ្ឋានកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងនៅតាមមន្ទីរពិសោធន៍នានាដើម្បីស្រាវជ្រាវ បង្ហាញពីរបកគំហើញបច្ចេកវិទ្យាប្រើប្រាស់ទឹកក្រោមដី សម្រាប់ដំណាំ និងកសិកម្មនៅកម្ពុជា។
នឹងសហការគ្នាជាមួយសាកលវិទ្យាល័យជាច្រើនក្នុងការសន្យាផ្តល់នូវអាហារូបករណ៍ជូនដល់និស្សិតកម្ពុជាឱ្យបានកាន់តែច្រើនលើផ្នែក វិទ្យាសាស្រ្តកសិកម្ម និងបច្ចេកវិទ្យា។ ជាការបន្ថែមរបស់នាយករងក្រុមហ៊ុនខាងលើ។
ក្នុងបរិយាកាសដដែល រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឆ្លើយតមទៅនាយករងក្រុមហ៊ុនខាងលើ ថា លោក មានការគាំទ្រឱ្យមានការចុះហត្ថលេខាលើអនុស្សារណៈ ដើម្បីជាមូលដ្ឋានសម្រាប់សម្របសម្រួលដំណើរការនៃការនាំចូលសម្ភារកសិកម្មពីប្រទេសចិនសម្រាប់ការអនុវត្តគម្រោងសាកល្បងនៅខេត្តទាំងពីរ និងឈានទៅរកការអនុវត្តគម្រោងក្នុងខេត្តគោលដៅមួយចំនួនទៀត ដូចជា ខេត្តតាកែវ ខេត្តកំពង់ចាម និងស្វាយរៀងជាដើម។
លោក វេង សាខុន បានបន្ថែមថា លើសពីនេះទៀត ដើម្បីសម្រេចបានកិច្ចការខាងលើ លោកបានស្នើឱ្យក្រុមហ៊ុន សហការជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជ្រើសរើសទីតាំងធ្វើមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលស្រាវជ្រាវនេះ និងថែមទាំងសហការជាមួយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិក្នុងការជម្រុញឱ្យមានការចុះ MoU នេះ ក្នុងពេលឆាប់ៗខាងមុខ៕
ដោយ៖ឌីណា