Register Already an agent ? Login

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ធំ ចែកសាលាកបត្រពត៌មានដីអាស្រ័យផលដល់ប្រជាពលរដ្ឋ ១២៤គ្រួសារ

កំពង់ធំ៖ នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយលោក សុខ លូ អភិបាលខេត្តកំពង់ធំ និង លោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់ជាតិ ប្រធានមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលស្រុកក្រុមប្រឹក្សាស្រុក និងមន្ត្រីស្រុកតាំងគោក បានចុះទៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ដើម្បីចែកសាលាកប័ត្រព័ត៌មានជូនប្រជាពលរដ្ឋដែលអាស្រ័យផលដីនៅតំបន់៣ មានចំនួន ១២៤គ្រួសារ។

លោក ថោង ខុន បានផ្តាំផ្ញើទៅប្រជាពលរដ្ឋដែលទទួលបានសាលាកបត្រព័ត៌មាននេះ និងប្រជាពលរដ្ឋទូទៅដូចជា៖ - ហាមទិញ ឬលក់ដូរដីនៅតំបន់៣នេះ ព្រោះជាដីអាស្រ័យផល។ - សូមកុំកាប់ទន្ទ្រានដីព្រៃ និងដីនៅតំបន់ហាមឃាត់ - កុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ពិសេសការឆក់ត្រី។ - ចូលរួមថែរក្សា និងការពារធនធានធម្មជាតិ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ។

- អាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បង្កលក្ខណៈដល់ការបង្កបង្កើនផល និងអាស្រ័យផលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ - ចូលរួមថែរក្សារាល់សមិទ្ធផលទាំងឡាយនៅភូមិគោកត្របែក ដែលជាអំណោយដ៏ថ្ងៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសប្បុរសជននានា។ - សូមឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់ កក់ក្តៅ និងទុកចិត្តមកលើរាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំ និងកសាងប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ប្រជាពលដ្ឋមានសេចក្តីរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ រដ្ឋបាលខេត្ត ស្រុក ឃុំ និងភូមិ ដែលបានយកចិត្តទុកដាក់គិតគូរដល់ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ចំពោះដីអាស្រ័យផលនៅតំបន់៣នេះ ក្រុមការងារជំនាញបានចុះបំពេញសាលាកបត្របានចំនួន ១២៤គ្រួសារ ​ដែលមានផ្ទៃដីសរុប​ជាង ១៣១ហិកតា គិតជាក្បាលដីចំនួន ១៣៣ក្បាលដី ក្នុងនោះប្រជាពលរដ្ឋដែលមានក្បាលដី ០២ប្លង់ មានចំនួន ០៧គ្រួសារ និងមានក្បាលដី ០៤ប្លង់ មានចំនួន ០១គ្រួសារ។ ការចុះធ្វើសាលាកបត្រនេះ គឺក្រុមការងារចុះធ្វើតែលើទីតាំងដែលប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងតែប៉ុណ្ណោះ ហើយក្នុង ០១គ្រួសារ មិនលើសពី ០៥ហិកតា៕

ដោយ៖KhmerHome