ត្បូងឃ្មុំ៖ ប្រមុចរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីវឌ្ឍនភាព និងភាពរីកចម្រើននៃទំហំពាណិជ្ជម្មនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលតាមការគ្រោងទុក នឹងសម្រេចឱ្យបាន៥ពាន់លានដុ ល្លារក្នុងឆ្នាំ២០២០។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរអាចលើសពី ៥ពាន់លានដុល្លារទៅទៀត ពីព្រោះទំនិញមួយចំនួន ដែលកម្ពុជានាំទៅវៀតណា មខ្លះគឺមិនបានចុះបញ្ជីនោះទេ ដូចជាស្រូវជាដើម ដែលប្រជាពលរដ្ឋបានលក់ទៅវៀតណាមគឺមិនត្រូវបានកត់ត្រាឡើយ។
នៅក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូង ឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ នេះ សម្ដេច នាយករដ្ឋមន្រ្តីបានថ្លែងថា ផ្សារនេះគឺចាត់ទុកជាផ្សារគំរូមួយ បើផ្សារនេះមិនទទួលបានជោគជ័យ ក៏យើងមិនអាចដំណើរការនៅកន្លែងផ្សេងៗទៀតបានដែរ។ «ទន្ទឹមនឹងនេះ អភិបាលខេត្តត្រូវតែធ្វើយ៉ាងណា ខិតខំជំរុញក្នុងដំណើរការផ្សារនេះ បើផ្សារនេះត្រូវបរាជ័យ នោះអភិបាលខេត្តក៏ត្រូវអស់ដំណែងផងដែរ»។ ជាការសង្កត់ធ្ងន់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាថ្លែងបន្តថា ជាក់ស្តែងពេលនេះ គឺយើងបាននឹងកំពុងប្រែក្លាយតំបន់នេះផ្ទាល់ឱ្យទៅជាតំបន់ទីផ្សារ តំបន់សន្តិភាព និងតំបន់ដែលមានការអភិវឌ្ឍ ហើយនៅទីនេះយើងក៏មានជាតំបន់សេដ្ឋកិច្ចពិសេសផងដែរ សម្រាប់ទាក់ទាញកាវិនិយោគផ្សេងៗ។ ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យកសិករ ពាណិជ្ជករ ត្រូវខិតខំកែច្នៃផលិតផលក្នុងស្រុកឱ្យទៅជាផលិតផលសម្រេចដើម្បីធ្វើការនាំចេញ។
ក្នុងនោះដែរ សម្តេច បានស្នើឱ្យរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងពាណិជ្ជកម្មកម្ពុជា-វៀត ណាម ត្រូវរួមសហការគ្នា ជាពិសេសត្រូវបង្កើនការនាំផលិតផលពីកម្ពុជាទៅវៀតណាមបន្ថែមទៀត ពីព្រោះបច្ចុប្បន្ន វៀតណាមនាំចូលមកកម្ពុជាច្រើនជាងកម្ពុជានាំចូលទៅវៀតណាម។
នៅក្នុងពិធីដដែល សម្ដេច បានបញ្ជាក់ «ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ» ។ សម្ដេច ហ៊ុនសែន មានសុទិដ្ឋិនិយមថា ផ្សារគំរូព្រំដែនកម្ពុជានេះ មានសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារ និងចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋតាមព្រំដែន ថែមទាំងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យបាន ៥ពាន់លានដុល្លារអាមេរិក តាមផែនការដែលប្រទេសទាំងពីរបានគ្រោងទុក។
តាមរបាយការណ៍របស់ លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាបឱ្យដឹងថា ផ្សារដោះ ដូរទំនិញកម្ពុជា-វៀតណាម មានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ផ្សារនេះត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។
ថ្លែងក្នុងពិធីខាងលើ សម្ដេច នាយករដ្ឋមន្រ្តីប្រកាសថា នឹងបើកផ្សារព្រំដែននេះជាបន្តទៀតនៅច្រកព្រំដែនកម្ពុជា-វៀតណាម នៅខេត្តកំពត និងនៅខេត្តស្វាយរៀង ដោយប្រើប្រាស់ថវិកាជាតិផ្ទាល់ប្រមាណ ២លានដុល្លារ។ សម្ដេចបានឱ្យអភិបាលខេត្តទាំងពីរខាងលើ ត្រូវរកដីត្រៀមទុកឱ្យហើយសំរាប់បើកផ្សារព្រំដែននេះ៕
ដោយ៖ឌីណា