Register Already an agent ? Login

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរៀបចំបង្កើតផ្សារគំរូព្រំដែន ២ថែមទៀតយកតាមរចនាបទខ្មែរ នៅខេត្តស្វាយរៀង និងកំពត

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យប្រសួងពាណិជ្ជកម្ម រៀបចំបង្កើតផ្សារគំរូព្រំដែន ២ថែមទៀតយកតាមរចនាបទខ្មែរ ដែលនឹងគ្រោងបង្កើតឡើងនៅខេត្តស្វាយរៀង និងខេត្តកំពត ដែលត្រូវប្រើប្រាស់ថវិកាជាតិ។

ការបញ្ជាទៅ លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។ សម្ដេច បាន ស្នើឱ្យអភិបាលខេត្តទាំងពីរខាងលើត្រៀមទីតាំងដី ជួយសម្របសម្រួលឱ្យស្របជាមួយនឹងទិសដៅនៃការបើកច្រកចេញចូលព្រំដែនកម្ពុជាវៀតណាម ដើម្បីរៀបចំកសាងផ្សារសហគមគំរូនេះ។

ភាពជោគជ័យរបស់ផ្សារសហគមគំរូនេះ គឺត្រូវការមានការចូលរួមនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខេត្តផងដែរ គឺមិនត្រូវបណ្តែតបណ្តោយបង្កើតហើយមិនមើលនោះទេ។ ជាការសង្កត់ធ្ងន់របស់ សម្ដេច នាយករដ្ឋមន្រ្តី  និងបានបន្តថា នៅពេលកម្ពុជាមានផ្សារសហគមគំរូកាន់តែច្រើន គឺនឹងជួយបង្កើនទំនិញនាំចេញទៅប្រទេសវៀតណាមកាន់តែច្រើន ដែលនឹងកាន់តែធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែនកាន់តែធូរធារ ហើយទន្ទឹមនឹងនោះ គឺនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំថែមទៀត។

នៅក្នុងពិធីខាងលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យមានការកសាងផ្សារសហគមគំរូតាមបណ្តាព្រំដែន កម្ពុជា-វៀតណាម ឱ្យបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើជំនួញ និងពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានទីផ្សារសមរម្យលក់ដូរទំនិញ ដើម្បីបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ។

ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម មានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត ២ហិកតា ចម្ងា យប្រមាណ ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ បើតាមទំព័រហ្វេសប៊ុកផ្លូវការសម្ដេច ហ៊ុន សែន និងបានរម្លឹកថា ផ្សារនេះត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។

ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។ បើតាមការបញ្ជាក់ រដ្ឋាភិបាលកម្ពុជា បន្ថែមថា ផ្សារគំរូព្រំដែនកម្ពុជានេះ មានសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារបង្កើនចំណូលបន្ថែមសម្រាប់ប្រជាជនតាមព្រំដែន និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យបាន ៥ពាន់លានដុល្លារអាមេរិក តាមផែនការដែលប្រទេសទាំងពីរបានគ្រោងទុក៕

ដោយ៖ឌីណា