ភ្នំពេញ៖ រយៈពេល ១១ខែ ឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ (Online) បានចំនួន ១០,៥៦២.៦៨ប៊ីលានរៀល (ប្រមាណ ២,៦៣១.៦៧លានដុល្លារអាមេរិក)ស្មើនឹង ១១៥.០០ភាគរយនៃផែនការប្រចាំឆ្នាំ។ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៨ គឺឆ្នាំ២០១៩ បានកើនឡើងចំនួន ២,២៨១.៨២ ប៊ីលានរៀល (ប្រមាណ ៥៧០.៤៦លានដុល្លារអេមរិក) ស្មើនឹង ២៧.៦៨ភាគរយ។ បើតាមរបាយការណ៍កិច្ចប្រជុំលទ្ធផលប្រមូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់អគ្គនាយដ្ឋានពន្ធដារ។
របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩០៩.៩២ប៊ីលានរៀល (ប្រមាណ ២២៧.៤៨លានដុល្លារអាមេរិក) ស្មើនឹង ៩.៩៤ភាគរយ នៃផែនការប្រចាំឆ្នាំ។ បើធៀបរយៈពេលដូចគ្នាទៅខែវិច្ឆិការ ឆ្នាំ២០១៨ គឺខែវិច្ឆិកា ឆ្នាំ២០១៩ បានកើនឡើងចំនួន១៥៩.៩០ប៊ីលានរៀល (ប្រមាណ ៣៩.៩៨លានដុល្លារអាមេរិក) ស្មើនឹង ២១.៣២ភាគរយ។
នៅក្នុងកិច្ចប្រជុំខាងលើដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៩ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរម្លឹកទៅមន្រ្តីក្រោមឱវាទរបស់ លោក ឱ្យខិតខំប្រឹងប្រែង្រមូលចំណូលពន្ធ។ ហើយ លោក ក៏បានណែនាំ ដល់មន្រ្តីគ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងវិន័យការងារប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តឬម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្ដល់សេវា ជូនអ្នកជាប់ពន្ធ។ ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ញួននូវច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ ដើម្បីធានាភាពត្រឹមត្រូវ និងសុក្រឹត្យភាព។ ជាការសង្កត់ធ្ងន់ របស់ លោក គង់ វិបុល៕
ដោ៖ឌីណា