Register Already an agent ? Login

សម្បទានដីសង្គមកិច្ចគ្រប់ប្រភេទរបស់រដ្ឋ មានទំហំសរុបជិត ១៥លានហិកតា បានផ្ដល់ទៅប្រជាពលរដ្ឋក្រីក្រ និងអតីតកងកម្លាំងប្រដាប់អាវុធ

ភ្នំពេញ៖ គិតពីពេលចាប់ផ្តើមរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីសម្បទានដីសង្គមកិច្ចគ្រប់ប្រភេទ សម្រេចផ្តល់ដីសរុបទំហំ ១៤៤ ៨៨៩,៥១ ហិកតា ជូនប្រជាពលរដ្ឋសរុប ៨០ ៨៦២គ្រួសារ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន ៧ ២៣៦ខ្នង និងសម្រេចផ្តល់ដីសរុបទំហំជាង ១លាន២សែនហិកតា ស្មើនឹងជាង ៧១ម៉ឺនក្បាលដី ជូនគ្រួសារទទួលដីប្រមាណ ៤សែនគ្រួសារ តាមរយៈការអនុវត្តនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី។ បើតាមរបាយការណ៍របស់ក្រសួងដែនដី។

នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាល តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ចនៃក្រសួងរៀបចំដែនដដី នគរូបនីយកម្ម និងសំណង់ សម្រេចលទ្ធផលបាន ទី១-សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ អនុវត្តក្នុងខេត្តគោលដៅចំនួន ១២ រួមមានខេត្តកំពង់ស្ពឺ ក្រចេះ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្ទឹងត្រែង រតនគិរី កោះកុង និងខេត្តស្វាយរៀង ៤,៦៤៤,២៣ហិកតា ជូនគ្រួសារអតីតយុទ្ធជនចំនួន ៣,៥០៤គ្រួសារ សាងសង់ផ្ទះជូនបានចំនួន ១,៦៨០ខ្នង ក្នុងនោះផ្ទះសង់អំពីឈើផុតពីដីប្រក់ស័ង្កសីចំនួន ៨៥០ខ្នង និងសាងសង់ផ្ទះថ្មពីឥដ្ឋផ្ទាល់ដីប្រក់ស័ង្កសីចំនួន ៨៣០ខ្នង ជាមួយនឹងការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានសាលារៀន ផ្លូវ អណ្តូងទឹក និងស្រះទឹក។

ទី២-សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ សម្រេចផ្តល់ដីជូនតាមរយៈថវិកាពិសេសរបស់រាជរដ្ឋាភិបាល ការធ្វើប្រទានកម្មដីរដ្ឋ និយ័តកម្មដីរដ្ឋ និងសារាចរលេខ០៣ និងតាមសំណើរបស់ខេត្តសម្រេចចែកដីសរុបទំហំ ១១១,៦១៦,២៨ហិកតា សើ្មនឹង ៥៨,១២៩គ្រួសារ និងប្រទានកម្មដីតាមរយៈការអនុវត្តនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីទំហំជាង ១លាន២សែនហិកតា ស្មើនឹងជាង ៧១ម៉ឺនក្បាលដី ដល់ប្រជាពលរដ្ឋប្រមាណ ៤សែនគ្រួសារ។

ទី៣-ការអភិវឌ្ឍតាមបណ្តោយព្រំដែន សម្រេចផ្តល់ដីសម្បទានសង្គមកិច្ចទំហំដី ១២,៥១៥ហិកតា ជូន ១៤,២១៩គ្រួសារ និងសាងសង់ផ្ទះបានចំនួន ៥,៥៥៦ខ្នង ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ស្វាយរៀង និងខេត្តស្ទឹងត្រែង។

ទី៤-គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានផ្តល់ដី សរុបទំហំ១៦ ១១៤ហិកតា លើមុខសញ្ញាទទួលដីសរុប ៥,០១០គ្រួសារ បានផ្តល់សម្ភារសម្រាប់សាងសង់ផ្ទះជូនប្រជាពលរដ្ឋ ៥,០១០គ្រួសារ និងបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៥,៤៨១បណ្ណ ក្នុងនោះដីឯកជនចំនួន ៥,០៤០បណ្ណ ស្មើនឹង ៣,០០៦គ្រួសារ និងដីសាធារណៈចំនួន ៤៤១បណ្ណ។ បើតាមរបាយការណ៍ក្រសួងដែនដីដដែល។

កម្មវិធីសម្បទានដីសង្គមកិច្ចធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងប្រយោជន៍សង្គម សំដៅលើកកម្ពស់កម្រិតជីវភាព និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋទូទៅ។ ជាការលើកឡើងរបស់ក្រសួងដែនដី បានបញ្ជាក់ «សម្បទានដីសង្គមកិច្ច គឺជាការផ្ដល់ដីឯកជនរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយ ដល់ជនក្រីក្រដែលគ្មានដី ឬ ខ្វះខាតដីសម្រាប់សាងសង់លំនៅឋាន ឬ ធ្វើកសិកម្មជាលក្ខណៈគ្រួសារ ដែលអាចបង្កើតឱកាសការងារនិងទទួលបានប្រាក់ចំណូល»៕

ដោយ៖ឌីណា