កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៏ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ១០០ភាគរយ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០ភាគរយ ប្រកបដោយនិរន្តភាព។
ការថ្លែងខាងលើ របស់ លោក អ៊ុន ចាន់ដា នៅក្នុងពិធីបើកអង្គសន្និសីទប្រចាំឆ្នាំលើកទី១ ក្រោមប្រធានបទ «អ្នកដឹកនាំឆ្នើមដើម្បីនិរន្ត ភាពការងារវិស័យទឹកស្អាត និងអនាម័យជនបទ» ដែលបានរៀបចំឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កំពង់ចាម សហការជាមួយអង្គការដៃគូរ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីនោះដែរ អភិបាលខេត្តកំពង់ចាម បានចាត់ទុកការរៀបចំអង្គសន្និសីទនេះ គឺពិតជាមានសារៈសំខាន់ណាស់ ។ លោក ថ្លែងបន្តថា ជាពិសេស លោកអភិបាលស្រុក និងលោកមេឃុំទាំងអស់ត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៏ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០ភាគ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០ភាគរយ ប្រកបដោយនិរន្តភាព។
ដើម្បីសម្រេចឱ្យបានតាមទិសដៅនៃគោលនយោបាយជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ លោក អភិបាលខេត្ត បានផ្តល់នូវ អនុសាសន៍ដូចខាង៖
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវបន្តជម្រុញការជួសជុលអណ្តូងស្នប់ និងលើកផែនការសម្រាប់សាងសង់អណ្តូងទឹក និងបង្គន់អនាម័យជាប្រចាំ។ ជាមួយគ្នានេះដែរ លោកអភិបាលស្រុក និងលោកមេឃុំត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យទៅក្នុងផែនការប្រចាំឆ្នាំរបស់ខ្លួនចាប់ពីឆ្នាំ២០២០ទៅ។
លោកបន្ថែមថា ក្នុងនោះដែរ មេឃុំ មេភូមិនីមួយៗត្រូវធ្វើបច្ចុប្បន្នភាពអណ្តូងទឹក និងបង្គន់អនាម័យឱ្យបានច្បាស់ លាស់ជារៀងរាល់ខែ។ ស្រមពេលជាមួយគ្នានេះ ត្រូវរួមសហការគ្នាឱ្យបានជាប់ជាប្រចាំរវាងរដ្ឋបាលខេត្ត ស្រុក ឃុំមន្ទីរជំនាញ និងអង្គការដៃគូរ។ លោកបានបន្ថែមទៀតថា អាជ្ញាធរស្រុក ឃុំ និងមេភូមិត្រូវចុះជុំរុញ និងតាមដានជាប្រចាំអំពីការសាងសង់បង្គន់អនាម័យ និងអណ្តូងទឹកនៅតាមភូមិនីមួយៗ ហើយត្រូវរាយការណ៏មកមន្ទីរអភិវឌ្ឍន៏ជនបទជារៀងរាល់ខែ។ ត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យនៅក្នុងរបៀបវារៈប្រជុំប្រចាំខែរបស់រដ្ឋបាលស្រុក និងឃុំ។
តាមរបាយការណ៍របស់ លោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលទទួលបានសេវាអនាម័យ (មានបង្គន់អនាម័យប្រើប្រាស់) មានចំនួន ១៧៩,៩៨៤ខ្នង ស្មើនឹង ៦៧ភាគរយ និងខ្នងផ្ទះដែលទទួបានសេវាទឹកស្អាតប្រើប្រាស់មានចំនួន ១,៩២,៤០១ខ្នងផ្ទះ ស្មើនឹង ៧២ភាករយ ។ ដូច្នេះ ផ្នែកអនាម័យយើងនៅខ្វះ ៣៣ភាគរយ ទៀត ចំណែកផ្នែកទឹកស្អាតនៅខ្វះ ២៨ភាគរយ ដោយគិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ គឺមាន រយៈពេល ៦ឆ្នាំទៀត ដែលត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ៕
ដោយ៖ឌីណា