Register Already an agent ? Login

សភាតំណាងរាស្រ្តចិនខេត្តហ្វ៊ូជាន ស្នើសុំកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាមួយអភិបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយ លោក គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ  លោកស្រី Lei Chunmei អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងរាស្ត្រប្រជាជនចិនខេត្តហ៊្វូជាន បានស្នើសុំកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើ៣ ចំនុច​ ទី១. កិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម អប់រំ ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ទី២.ពង្រឹងទំនាក់ទំនង ការផ្លាស់ប្តូរព័ត៌មាន ទី៣. ជំរុញការផ្លាស់ប្តូរវប្បធម៌ ពង្រឹងការយល់ដឹងពីគ្នា ជាគ្រឹះ នៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រសមុទ្រ ដោយលើកទឹកចិត្តប្រជាជនចិន អ្នកវិនិយោគចិន និងទេសចរណ៍មកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ។

នៅក្នុងជំនួនខាងលើ ដែលធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី Lei Chunmei មានប្រសាសន៍ថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿនគួរឱ្យចាប់អារម្មណ៍ សម្រាប់ការទស្សនកិច្ចនាពេលនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ នៃការវិនិយោគនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ ដែលមានអ្នកវិនិយោគ និងសហគ្រាសចិនមកកាន់ខេត្តព្រះសីហនុ។ ខេត្តហ្វូជាន បានបើកការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ ជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍។

នៅក្នុងជំនួននេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូខេត្តហ៊្វូជាន ដែលបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ។ លោក បានបន្តថា ដោយផ្អែកលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានដាក់ចេញនូវគោលនយោបាយ ផ្លូវមួយ ខ្សែក្រវាត់មួយ និងផ្លូវសូត្រសមុទ្រ និងគោលនយោបាយ ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងទំនាក់ទំនងដែកថែប។ តាមរយ:ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរកម្ពុជា-ចិន ជំរុញអ្នកវិនិយោគ និងទេសចរចិន មកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ។ ជាការបន្ថែមរបស់ អភិបាលខេត្តទេសចរណ៍ជាប់មាត់សមុទ្រ។

លោក អភិបាលខេត្តកំពង់ផែអន្តរស្វ័យតទឹកជ្រៅ បានបន្តថា ខេត្តព្រះសីហនុពីមុនមានមុខងារជាខេត្តទេសចរណ៍ ក៍ប៉ុន្តែមកដល់បច្ចុប្បន្ន ខេត្តនេះ ជាខេត្តតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៍សំខាន់នៅតំបន់ឆ្នេរ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានជំរុញប្រែប្រួលខេត្តព្រះសីហនុ បម្រើឱ្យវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ដឹកជញ្ជូន និងទេសចរណ៍។

តាមរយៈជំនួបដ៏មានសារៈសំខាន់ លោក អភិបាលខេត្តបានស្នើឱ្យលោកស្រី ប្រធានប្រតិភូជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ជំរុញអ្នកវិនិយោគ និងទេសចរចិនមកកាន់ខេត្តព្រះសីហនុ ពិសេសបង្កើតរោងចក្របំរើឱ្យវិស័យសំណង់ ជាតម្រូវការផ្គត់ផ្គង់ដល់ការដ្ឋានសំណង់ក្នុងខេត្តនេះ ក៍ដូចជាការដ្ឋានសំណង់នៅកម្ពុជា និងឈានទៅការនាំចេញទៅកាន់ប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ាន និងពិភពលោកផងដែរ។

ក្នុងជំនួបដដែល លោកស្រី Lei Chunmei ក៍បានអញ្ជើញគណ:ប្រតិភូខេត្តព្រះសីហនុ ទៅចូលរួមពិព័ណ៌ពាណិជ្ជកម្មនៅខេត្តហ្វូជាន ប្រទេសចិន នាឆ្នាំ២០២០ខាងមុខនេះ៕

ដោយ៖ឌីណា