ភ្នំពេញ៖ នៅឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចចេញបណ្ណកម្មសិទ្ធិដីចំនួន ៤៤៣,៥៩៨បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ៣៥៣,៤៣៣បណ្ណ។
ចំនួនបណ្ណកម្មសិទ្ធិខាងលើរួមមាន ទី១-កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី៖ បានប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន ៧៤៤ភូមិ បានបិទផ្សាយជាសាធារណៈចំនួន ៥៧៧ភូមិ ស្មើនឹង ៥២៩,៩៥០ក្បាលដី ចេញបណ្ណចំនួន ៤៤២,០៣៦បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន ៣៥១,៨៧១បណ្ណ (ក្នុងនោះសម្បទានដីសង្គមកិច្ចបាន ៣,១៤០បណ្ណ)។
ទី២-ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖ សម្រេចបាន ១,៥៦២បណ្ណ (ដីរដ្ឋបាន ៨៥បណ្ណ ទំហំ៤៣,៤៣៥ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន ១,៣៤២បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន ៦សហគមន៍ ស្មើនឹង១៣៥បណ្ណ ទំហំ ៥៨៤០,៥២ហិកតា ស្មើនឹង ៤៦៥គ្រួសារ)។
ទិន្នន័យរបស់ក្រសួងដែនដីបានឱ្យដឹងថា សរុបលទ្ធផលពីពេលចាប់ផ្តើមអនុវត្តដល់ត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៥,៥៧១,៤២២បណ្ណ ស្មើនឹង ៧៩,៥៩ភាគរយ នៃក្បាលដីប៉ាន់ស្មាន ៧លានក្បាលដី ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៤,៩៥៣,៩៧៩បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន ៤,៦១៣,៤៦១បណ្ណ។
ក្រសួងដដែលបានបន្តថា ក្នុងនោះតាមបទបញ្ជាលេខ ០១បប បានចំនួន ៦៤២,៦០៣បណ្ណ សម្បទាដីសង្គមកិច្ចបានចំនួន ៦,៥០៤បណ្ណ និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦១៧,៤៤៣បណ្ណ (ដីរដ្ឋបាន ១,៨៥៤បណ្ណ ទំហំ ៧៧៨,៧២៥ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន ៦១៤,៧៧០បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន៣០សហគមន៍ ស្មើនឹង ៨១៩បណ្ណ ទំហំ ២៨,៥២២,៥២ហិកតា សម្រាប់ ៣,០៣៣គ្រួសារ)៕