Register Already an agent ? Login

ជិត១២ខែ នៃឆ្នាំ២០១៩ ចំណូលដែលបានមកពីរដ្ឋាករគយ ប្រមូលបាន ៣,០១៣លានដុល្លារ

ភ្នំពេញ៖ រយៈពេលជិត ១២ខែ ចំណូលដែលបានមកពីរដ្ឋាករគយគិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ គឺរដ្ឋប្រមូលបាន ៣,០១៣លានដុល្លារ លើសផែនការប្រមាណ ៧៥៨លានដុល្លារ (ស្មើនឹង៣៣.៥ភាគរយ)។ បើតាមគម្រោងផែនការកំណត់ត្រូវប្រមូលឱ្យបាន ២,២៦០លានដុល្លារ។ បើតាមទំព័ហ្វេសប៊ុកផ្លូវការ របស់ សម្ដេច ហ៊ុន សែន។

បើគិតជាមធ្យមចំណូល ដែលមកពីរដ្ឋាករគយ គឺប្រមូលបានប្រមាណ ១០លានដុល្លារ ក្នុងមួយថ្ងៃៗ។ នៅសល់ជិត១៦ថ្ងៃទៀត ដែលមិនទាន់បានគិតបូកថែម ហើយដែលរំពឹងថាចំណូលគយគឺនឹងកើនលើសផែនការប្រមាណជាង ៨០០លានដុល្លារ។ បើតាមទំព័រហ្វេសប៊ុកសម្ដេច ដដែល។

ចំពោះចំណូលពីអគ្គពន្ធដាវិញ គឺមានផែនការប្រមូលលានដុល្លាររួចហើយ ដែលពេលនេះបានលើសផែនការប្រមាណ ៣៤៥លានដុល្លារ។ សរុបក្នុងច្បាប់ផែនការថវិកា ពីរដ្ឋាករគយ និងអគ្គពន្ធដាដែលបានដាក់ចេញគឺមានគម្រោងប្រមូលចំណូលប្រមាណ ៤,៥៤៨លានដុល្លារ។ ប៉ុន្តែរហូតដល់ពេលនេះ គឺប្រមូលបានប្រមាណ ៥,៦៥២លានដុល្លារ ដែលប្រមូលបានលើសពីផែនការដែលបានកំណត់ប្រមាណ ១,១០៤លានដុល្លាររួចស្រេច។ បើតាមទំព័រហ្វេសប៊ុករបស់សម្ដេចបន្ត។

ទំព័រហ្វេសប៊ុករបស់សម្ដេច បានបន្តទៀតថា បើយើងបូករួមទាំង២ខែមុន យើងអាចប៉ាន់ស្មានបានថា ចំណូលលើសផែនការគឺនឹងឈានដល់ ១,៣០០លានដុល្លារ ដែលជាថវិកាដ៏ល្អបានមកពីចំណូលសារពើពន្ធ ហើយដែលមិនទាន់បានបូកបញ្ចូលពីចំណូលមិនមែនសារពើពន្ធ មានដូចជាចំណូលបានមកពីថ្លៃទិដ្ឋាការទេសចរណ៍, អាការយានដ្ឋាន, អាកាសចរណ៍, ប័ណ្ណចូលទស្សនាអង្គវត្ត និងពីដីកសិកម្ម(ដីសម្បទានសេដ្ឋកិច្ចដែលជួលទៅអោយឯកជនវិនិយោគ)… ។ល។

បើតាមទំព័រហ្វេសប៊ុកដដែល បានបន្ថែមឱ្យដឹងថា រាជរដ្ឋាភិបាលមានថវិកាជាសាច់ប្រាក់ប្រមាណ ៣,៥០០លានដុល្លារ ដែលអាចប្រើប្រាស់បានភ្លាមៗ ដែលមិនបានរួមបញ្ចូលពីទុនបម្រុងអន្តរជាតិប្រមាណ ១៥ពាន់លានដុល្លារ និងមាសប្រមាណ៣០តោន ទៀតផង។

កម្ពុជា បានដើរមកដល់ដំណាក់កាលនេះ គឺដោយសារមានការចូលរួមពីប្រទេសជាដៃគូវិនិយោគឯកជន និងពីប្រជាពលរដ្ឋដែលបានចូលរួមទទួលខុសត្រូវបង់ពន្ធទាំងអស់គ្នា ដើម្បីកម្ពុជាកាន់តែរីកលូតលាស់ឆាប់រហ័សលឿនទៅមុខ។ ជាទឡ្ហីករណ៍ដែល ប្រមុខរដ្ឋាភិបាលបានលើកឡើង។

បច្ចុប្បន្ន ជាតិកាន់តែរីកលូតលាស់ជាមួយកំណើនក្នុងរង្វង់ប្រមាណ ៧.១ភាគរយ ដែលមានអត្រាអតិផរណាត្រឹមតែ ២.៥ភាគរយប៉ុណ្ណោះ។ តាមការឱ្យដឹងពីទំព័ររបស់ប្រមុខរដ្ឋាភិបាលដដែល៕

ដោយ៖ឌីណា