Register Already an agent ? Login

អ្នកស្រី ចេវ សុ​ឃុន ត្រូវបានជាប់ឆ្នោតជាប្រធាន CREA ដែលមាន ២១សំឡេង លើ ១៩សំឡេង

ភ្នំពេញ៖ អ្នកស្រី ចេវ​ សុឃុន បានក្លាយជាប្រធានសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា អាណត្តិទី៣ សម្រាប់ឆ្នាំ២០២០ ដែលបានឈ្នះក្នុងការបោះឆ្នោតក្នុងថ្ងៃមហាសន្និបាតបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធាន CREA។ មហាសន្និបាតបោះឆ្នោតនេះ អ្នកស្រីបានទទួល ២១សំឡេង ចំណែក លោក ចក់ ស៊ីណាត បានតែ ១៩សំឡេងប៉ុណ្ណោះ។ ប៉ុន្តែក៏មានអនុប្បវាទ១ផងដែរ។

មហាសន្និបាតបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធាន CREA ដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles Le Royal។

ក្នុងឱកាសនោះ អ្នកស្រី ចេវ សុឃុន​ បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ដែលបានចូលរួមមហាសន្និបាត បោះឆ្នោតជ្រើសរើស​ អ្នកស្រី ជាប្រធានសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជាក្នុងអាណត្តិ២០២០។

នៅក្នុងឆ្នាំ២០១៩ យើងកត់សម្គាល់ឃើញថា នៅក្នុងវិស័យអចលនវត្ថុ​ នៅកម្ពុជាមានការរីកចម្រើន ១៨.១ភាគរយ។ ជាការថ្លែងរបស់ ប្រធាន CREA ថ្មី អ្នកស្រីថា ដូច្នេះហើយ ធ្វើឱ្យសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា យកចិត្តទុកដាក់នៅលើវិស័យនេះ។ ក្នុងនោះផងដែរ សមាជិកយើង ក៏ដូចជាអ្នកដែលមានជំនាញ នៅក្នុងវិស័យអចលនវត្តុ មានការរីកចម្រើន ក៏ដូចជា អ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ងាកមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា។

អ្នកស្រី បានថ្លែងបន្តថា ទន្ទឹមហ្នឹងការអភិវឌ្ឍ ក៏ដូចជាការរីកចម្រើន ក្នុងវិស័យអចលនវត្ថុ នៅកម្ពុជា ទើបធ្វើឱ្យសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា ផ្តោតសំខាន់ ទៅលើការអភិវឌ្ឍន ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្ស ដែលធ្វើឱ្យអ្នកនៅក្នុងវិស័យនេះ ចាប់យកវិស័យអចលនវត្ថុ។

ជាការពិត CREA ​មានការរីកចម្រើនទៅមុខ ដែលធ្វើឱ្យមានការបោះឆ្នោត​ ជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីឱ្យ CREA រីកចម្រើនទៅមុខឥតឈប់ឈរកាន់តែខ្លាំងឡើង ហើយថ្ងៃនេះខ្ញុំត្រូវបានអង្គសន្និបាតបោះឆ្នោត ធ្វើជាប្រធាន CREA ជាអ្នកបន្តនៅអាណត្តិឆ្នាំ២០២០។ ជាការបន្ថែមរបស់ អ្នកស្រី ចេវ សុឃុន។

ដើម្បីសម្រេចបានគោលបំណង របស់ CREA ត្រូវទាមទារ នូវថ្នាក់ដឹកនាំ ដែលមានសមត្ថភាព ពេលវេលា ឆន្ទៈ តម្លាភាព និងមានទំនួលខុសត្រូវ។ ជាការលើកឡើងរបស់ លោក ឃាង ពុទ្ធី ដែលជាប្រធាន CREA ក្នុងអាណត្តិទី២ ឆ្នាំ២០១៩។ លោក ថា ហេតុនេះហើយជារៀងរាល់ឆ្នាំ CREA តែងតែបោះឆ្នោត ប៉ុន្តែសម្រាប់អាណត្តិទី៣នេះ ទើបតែមានការបោះឆ្នោត ដោយទូលំទូលាយ និងជាសាធារណៈ ជាលើកដំបូង។

អតីតប្រធាន CREA លោក ឃាង ពុទ្ធី បានបន្តថា លោកមានសេចក្តីសោមនស្សរីករាយ ដែលមានវត្តមានយ៉ាងសកម្ម របស់បងប្អូនទាំងអស់ នៅក្នុងការសហការលើទីតាំងផ្សេងៗកន្លងមក ក៏ដូចជាថ្ងៃនេះផ្ទាល់ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើស ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសមាគម នៃសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា ដើម្បីដឹកនាំសមាគម និងសង្គមជាតិឱ្យកាន់តែមាន ការរីកចម្រើនបន្តទៅទៀត។

នៅក្នុងសន្និបាតដដែល លោក ឃាង ពុ​ទ្ធី បានបង្ហាញ នូវក្តីជឿជាក់យ៉ាងម៉ុតមាំ ចំពោះការបោះឆ្នោតនៅថ្ងៃនេះ នឹងសម្រេចបាន នូវការជ្រើសរើសថ្នាក់ដឹកនាំ សមាគមអាណត្តិថ្មី ដែលមានសមត្ថភាព និងការរីកចម្រើនដល់សមាគម សម្រាប់ឆ្នាំ២០២០។

សូមរម្លឹកថា ប្រធានសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា (Cambodia Real Estate Association) អាណត្តិទី១ ឆ្នាំ២០១៨ ​ដឹកនាំដោយ លោក អ៊ិន មាន, អាណត្តិទី២ ឆ្នាំ២០១៩ ដឹកនាំដោយ លោក ឃាង ពុ​ទ្ធី ហើយសម្រាប់អាណត្តិទី៣ ឆ្នាំ២០២០ គឺអ្នកស្រី ចេវ សុឃុន៕

ដោយ៖ឌីណា