Register Already an agent ? Login

អន្តរក្រសួងបាន​គាំទ្រលើគម្រោងរោងចក្រផលិតក្រដាសវេចខ្ចប់គ្រប់ប្រភេទ នៅខេត្តបាត់ដំបង

ភ្នំពេញ៖ អន្តរក្រសួងបានគាំទ្រទៅលើគម្រោង បង្កើតរោងចក្រផលិតក្រដាសវេចខ្ចប់គ្រប់ប្រភេទ លើផ្ទៃដីទំហំ ៤១.៦១៦ម៉ែត្រការ៉េ ដែលមាន​ទីតាំងស្ថិតភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង របស់ក្រុមហ៊ុន ដុងលាង ផេភើរ មីល អ៊ិនដាសស្រ្ទី ថេកណឡជី (ខេម បូ ឌា) ឯ.ក។ បើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។

គម្រោងខាងលើ បានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថានដោយក្រុមហ៊ុន​ទីប្រឹក្សា អេស ប៊ី ខេ ស្រាវជ្រាវ និង​អភិវឌ្ឍន៍។ ក្រោយពីសិក្សារួចបានដាក់របាយការណ៍ក្នុងអង្គប្រជុំដើម្បីវាយតម្លៃ។

លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ​របាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ហើយក៏មានការគាំទ្រទៅហ្នឹងគម្រោងខាងលើ កាលពីថ្ងៃទី៥​ ខែធ្នូ ឆ្នាំ២១០៩។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖

១-​ អង្គប្រជុំ​ បានគាំទ្រចំពោះគម្រោង​វិនិយោគខាងលើ។

២-​ ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវរៀបចំអាងប្រព្រឹត្តកម្មសំណល់រាវ ដោយ​សំណល់រាវត្រូវគោរពតាមស្តង់ដារ​បទដ្ឋានរបស់ក្រសួងបរិស្ថាន។

៣-​ ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវកែសម្រួល​របាយការណ៍​នេះ​ ស្របតាមស្មារតីអង្គប្រជុំ​។

គូសបញ្ជាក់ថា កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីស្ថាប័នពាក់ព័ន្ធ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ និងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តបាត់ដំបង​ និងមន្ទីរបរិស្ថានខេត្តបាត់ដំបង តំណាងនាយកដ្ឋានវាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនសម៉ី និងក្រុនហ៊ុនទីប្រឹក្សាផងដែរ៕

ដោយ៖ឌីណា