ភ្នំពេញ៖ ខេត្តព្រះសីហនុ នឹងមានសណ្ឋាគារ អន្តរជាតិលំដាប់ផ្កាយ៥ ដែលមានឈ្មោះថា «មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់» ត្រូវបានសាងសង់នៅលើផ្ទៃដី ៤០ហិកតា ប្រើពេលសាងសង់ចំនួន ៤ឆ្នាំ (២០២០-២០២៣) ចំណាយទឹកប្រាក់សរុប ១២០លានដុល្លារអាមេរិក ជាគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍របស់ក្រុមហ៊ុន YEEJIA TOURISM DEVELOPMENT COMPANY LTD ស្ថិតក្នុងឧទ្យានជាតិព្រះសីហនុ «រាម»។
មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ អាចទទួលភ្ញៀវសរុបបានចំនួន ៦០០០នាក់។ បើតាមគម្រោងរបស់ក្រុមហ៊ុនខាងលើ និងបានឱ្យដឹងថា ក្រៅពីមុខងារសេវា ដែលមានដូចសណ្ឋាគារវិស្សមកាលតាមឆ្នេរសមុទ្រដែលល្បីល្បាញក្នុងពិភពលោក សណ្ឋាគារនេះបានរៀបចំវីឡាទោលចំនួន ១៣សម្រាប់ថ្នាក់ដឹកនាំ អាស៊ាន១០+៣ ផងដែរ។
គម្រោងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់នេះ ត្រូវបានសម្រេចដោយប្រមុខរាជរដ្ឋាភិបាលរួចហើយ បន្ទាប់ពីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងភាគីចិន នៅក្នុងការរៀបចំសាងសង់នេះ។ តាមការឱ្យដឹងពីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំវាយតម្លៃគម្រោង មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ កាលពីថ្ងៃទី៥ ខែធ្នូ នេះ។
ក្រសួងបរិស្ថានបានបន្តថា អង្គប្រជុំបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ ហើយបានផ្តល់មតិយោបល់បន្ថែមលើរូបរាង សោភណភាពសំណង់ មុខងារសំណង់ ការរៀបចំលំហរបៃតង ការផ្គុំគ្នារវាងបរិស្ថានធម្មជាតិនិងសំណង់ បច្ចេកទេសសំណង់ និងភាពសមស្របទៅហ្នឹងរចនាបថខ្មែរ៕
ដោយ៖ឌីណា