Register Already an agent ? Login

លទ្ធផលវិជ្ជមាននៃការសិក្សាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

ភ្នំពេញ៖ ការសិក្សាបានបង្ហាញពីផលជាវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី មកលើសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឱ្យកម្ពុជាទាញយកផលប្រយោជន៍បន្ថែមតាមរយៈការចូលរួមនៅក្នុងខ្សែចង្វាក់ផលិតកម្មតំបន់ និងពិភពលោក។

ដើម្បីពង្រីកការចូលទៅកាន់ទីផ្សារអឺរ៉ុបខាងកើត បច្ចុប្បន្នប្រទេសកម្ពុជាកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលជាទីផ្សាររួមមានប្រទេសចំនួន ៥ គឺអាមេនី​ បេឡារុស្ស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងរុស្ស៊ី មានប្រជាជនសរុបចំនួន ១៧៦លាននាក់ និងផលិតផលក្នុងស្រុកសរុប ២,៥ ពាន់ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនឹងអនុញ្ញាតឱ្យភាគីទាំងពីរបង្កើនពាណិជ្ជកម្មវិនិយោគនិងសហប្រតិបត្តិការសេដ្ឋកិច្ច។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Cambodia-Eurasian Economic Union FTA-CEFTA) បានបង្ហាញពីកាលានុវត្តភាពឈ្នះ-ឈ្នះសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផលិតកម្មពិភពលោក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល និងរុស្ស៊ី។

CEFTA ត្រូវបានគេរំពឹងថានឹងបង្កើនឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ជាពិសេសកម្ពុជាអាចបង្កើនការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ផលិតផលកសិកម្ម និងទំនិញដទៃទៀត ខណៈដែលសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ក៏អាចជ្រៀតចូលទីផ្សារកម្ពុជាកាន់តែទូលំទូលាយជាងមុន ជាពិសេសលើវិស័យថាមពល។

ការធ្វើត្រាប់តាមគម្រោងវិភាគពាណិជ្ជកម្មសកល (GTAP) បង្ហាញពីសក្តានុពលកាន់តែប្រសើរឡើងសម្រាប់ប្រទេសកម្ពុជាប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី នាំឱ្យមានការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចតាមបែបសេដ្ឋកិច្ចកាន់តែស៊ីជម្រៅនិងកាន់តែច្រើន។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា អនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសដៃគូ ក្រសួងពាណិជ្ជកម្មបាននិងកំពុងសិក្សាលើលទ្ធភាពចរចាកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងប្រទេសកូរ៉េផងដែរ។

លទ្ធផលនៃការសិក្សានេះបានបង្ហាញពីភាពវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនាំឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាមានការកើនឡើង បង្កើនការងារសម្រាប់ប្រជាជន ឈានសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ជាការបន្តរបស់​រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា។

គូសបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសាស្រ្តាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានធ្វើជាអធិបតីពិធីការផ្សព្វផ្សាយលទ្ធផល សិក្សាស្រាវជ្រាវស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU)៕

ដោយ៖ឌីណា