ភ្នំពេញ៖ ក្រុមហ៊ុនមេគង្គអូរីហ្សាត្រេដឌីងតំណាងឱ្យកម្ពុជា បានចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនហុងកុង ជុងហ៊ុយថៃហ្វូអន្តរជាតិ និងក្រុមហ៊ុនហ្គ្រីន សែហ្វអាហ្រ្វិកគ្រុប ស្តីពី «ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប»។ MoU នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ៉ និងនេសាទបានធ្វើជាសាក្សីផងដែរ។
ការចុះ MoU នេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងកសិកម្ម។ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលធ្វើជាសាក្សីក្នុងការចុះហត្ថលេខា MoU បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីឈានដល់ការចុះ ហត្ថលេខា MOU នាពេលនេះ។ លោក ថា នេះគឺជាជោគជ័យថ្មីមួយទៀតរបស់ក្រសួងក្នុងការជំរុញការនាំចេញអង្គរកម្ពុជាទៅកាន់ទីផ្សារចិន សហភាពអឺរ៉ុប និងជាពិសេសនោះគឺទីផ្សារអាហ្វ្រិកខាងត្បូងដែលជាទីផ្សារអង្ករថ្មីមួយទៀតរបស់កម្ពុជា។
នៅក្នុងពិធីខាងលើ លោក វេង សាខុន បានបន្តថា យោងលើគោលនយោបាយរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល បានបង្កលក្ខណៈអំណោយផលដល់វិនិយោគិនក្នុងការវិនិយោគលើវិស័យកសិកម្មជារួម។ ដោយឡែកវិស័យផលិតកម្មស្រូវ ដែលជាផលិតផលមានអាទិភាពខ្ពស់ (មាសស) របស់កម្ពុជាសម្រាប់នាំចេញ ចូលរួមកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនចំណូលគ្រួសារ កាត់បន្ថយចំណាកស្រុក និងភាពក្រីក្រ។
លោក រដ្ឋមន្រ្តី បានបានសង្កត់ធ្ងន់ថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការនាំចេញមាសសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះ ឯកសារនេះវានឹងជួយបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងភាគីផលិត និងភាគីប្រមូលទិញទាំងការងារច្បាប់ បច្ចេកទេស និងស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពផលិត ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ និងការប្រកួតប្រជែងច្បាស់លាស់៕
ដោយ៖ឌីណា