ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ដែលមានទីតាំងស្ថិតនៅតំបន់បឹងជើងឯក ក្នុងភូមិសាស្រ្ដសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអន្តរក្រសួងគាំទ្រ។
សម្រាប់គម្រោងខាងលើ ត្រូវបានសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា SAWAC Consultants (CAMBODIA) Co., Ltd.។ សម្រាប់គម្រោងនេះ ក្រោមកម្មវិធីហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន។
គម្រោងខាងលើមានតម្លៃសរុប ២៥.០០០.០០០ដុល្លារអាមរិក។ ចំពោះថវិកាសម្រាប់ងនុវត្តន៍ផែនការគ្រប់គ្រងបរិស្ថានចំនួន ១១៣.៨១០ដុល្លារអាមរិក ដែលក្នុងនោះ នៅដំណាក់កាលសាងសង់មានចំនួន ៣៩.១០០ដុល្លារអាមរិក ជាបន្ទុករបស់ក្រុមហ៊ុនម៉ៅការសាងសង់ និងនៅដំណាក់កាលប្រតិបត្តិ និងថែទាំចំនួន ៧៤.៧១០ដុល្លារអាមរិក ជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ បើតាមរបាយការណ៍ដាក់ក្នុងកិច្ចប្រជុំអន្តរក្រសួង។
របាយការណ៍ដដែលបានបញ្ហាក់ថា តម្លៃលម្អិត នៃគម្រោងនេះមិនទាន់អាច់បញ្ហាក់បានទេ ពីព្រោះគម្រោងត្រូវការដេញថ្លៃធ្វើ។ សម្រាប់តម្លៃគម្រោងខាងលើ មិនគិតបញ្ចូលតម្លៃដោះស្រាយផលប៉ះពាល់ផ្លាស់ប្ដូរលំនៅឋាន ដែលជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជានោះទេ។
ការគាំទ្រទៅលើគម្រោងខាងលើនេះ ត្រូវបានដាក់ក្នុងកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។
ជាលទ្ធផលអន្តរក្រសួងបានគាំទ្រ ទៅលើគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ នៅក្នុងភូមិសាស្រ្តខាងលើ ដោយបានដាក់ចេញជាវិធានឱ្យម្ចាស់គម្រោងអនុវត្តន៍ ក៏ដូចជាពង្រីកវិសាលភាពគាំពារបរិស្ថានដូចខាងក្រោម៖
ទី១- គាំទ្រលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។
ទី២- ម្ចាស់គម្រោង ត្រូវសហការល្អជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ ដើម្បីកាត់បន្ថយហេតុប៉ះពាល់ដែលអាចកើតឡើងដោយសារសកម្មភាពគម្រោង។
ទី៣- ម្ចាស់គម្រោង ត្រូវគ្រប់គ្រងសំណល់គ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ដោយគោរពទៅតាមបទដ្ឋានបច្ចេកទេសកំណត់របស់ស្ថាប័នជំនាញ។
ទី៤- ម្ចាស់គម្រោង ត្រូវជួយចែករំលែកបទពិសោធន៍លើបច្ចេកទេសគ្រប់គ្រងប្រព័ន្ធប្រព្រឹត្ដកម្មទឹកកខ្វក់នេះ។
ទី៥- ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍ស្របតាមមតិយោបល់ជាវិជ្ជមាន ជាបច្ចេកទេស ដូចជាការបញ្ចូលអនុក្រឹត្យ និងគោលនយោបាយនានា ដែលអង្គប្រជុំបានលើកឡើង ដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីលោក និងលោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងតំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា៕
ដោយ៖ឌីណា