ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្ដល់ប្រាក់កម្ចីមកកម្ពុជាប្រមាណ ៧៤លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍លើគម្រោងចំនួនពីរ គឺប្រសិទ្ធិភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនី និងសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យកាន់តែល្អប្រសើរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ ដែលមានទឹកប្រាក់ប្រមាណ ៧៤លានដុល្លារអាមេរិក រវាងកម្ពុជា និងអាល្លឺម៉ង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលបានផ្តល់ឥណទានសម្បទានដល់កម្ពុជា
ប្រទេសបារាំងចាប់ផ្តើមផ្តល់ឥណទានទី១ របស់ខ្លួនដល់កម្ពុជា នៅឆ្នាំ២០១៣។ ជាការរម្លឹករបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជា លោក ថា ហិរញ្ញប្បទានរបស់អាល្លឺម៉ង់នឹងឆ្លើយតបផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើវិស័យអាទិភាព៤ គឺ មនុស្ស ផ្លូវ ភ្លើង និង ទឹក។
បច្ចុប្បន្ន មានគ្រួសារតែ ២២,៤៧ភាគរយ ប៉ុណ្ណោះដែលមានភ្លើងប្រើប្រាស់ (៥៤ភាគរយ ជាអ្នករស់នៅទីប្រជុំជន និងមានតែ ១៣ភាគរយ នៃគ្រួសារជនបទដែលមានភ្លើងប្រើ) មានន័យថា គ្រួសារនៅតាមជនបទ ៨៧ភាគរយ ទៀតនៅមិនទាន់មានភ្លើងប្រើប្រាស់នៅឡើយ ស្របពេលដែលអគ្គិសនីកម្ពុជាមានបំណងភ្ជាប់បណ្ដាញភ្លើងឱ្យបាន ១០០ភាគរយ នៅគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេសត្រឹមឆ្នាំ ២០២០។ និងនៅត្រឹមឆ្នាំ ២០៣០ យ៉ាងហោចណាស ៧០ភាគរយ ផ្ទះនៅតាមជនបទ អាចប្រើប្រាស់បានភ្ហើងបានគ្រប់គ្រាន់។ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គូសបញ្ជាក់ថា កិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ ខាងលើចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុនីរ័ត្ន ដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា៕
ដោយ៖ឌីណា