ព្រះសីហនុ៖ ទីក្រុងឆ្លាតវៃ ជាគោលដៅមួយ ដែលយើងចង់អភិវឌ្ឍន៍ ក្រុងព្រះសីហនុ ជាទិសដៅមួយក្នុងការអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ ។ អង្គការសហប្រជាជាតិ ចង់ចូលរួមចំណែកសហការជួយរដ្ឋបាលខេត្តនេះឱ្យទៅជាទីក្រុងឆ្លាតវៃ យើងមានវិធីច្រើនដើម្បីសម្រេចទីក្រុងមួយឆ្លាតវៃប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។ ជាការលើកឡើងរបស់ លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដែលបានដឹកនាំតំណាងអង្គការចំនួន៧ ចូលជួបពិភាក្សាការងារជាមួយ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព នៃការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ។
នៅក្នុងជំនួបខាងលើដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រធាន UN ប្រចាំកម្ពុជា បានបន្តថា សម្រាប់អង្គការសហប្រជាជាតិយល់ឃើញវិធីមួយទៀត គឺការអភិវឌ្ឍឈានទៅទីក្រុងឆ្លាតវៃ គឺជាការចូលរួមស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋ ចង់បានទីក្រុងប្រភេទណា ទី១.ផ្តោតលើអ្នកនិយោគទុន ដែលមានទស្សនយល់ឃើញចង់ឱ្យទីក្រុងយើងល្អ ទី២.លក្ខណបរិយាប័ន្ន ការអភិវឌ្ឍទីក្រុងរបស់យើងមិនសម្រាប់បុគ្គលមួយចំនួនទេ គឺសម្រាប់ទាំងអស់គ្នា ទី៣.ការគាំទ្រដល់រដ្ឋអំណាចមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាឆ្លើយតបទៅ ហ្នឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
អង្គការសហប្រជាជាតិ នៅរយៈពេល ៥ឆ្នាំខាងមុខ នឹងរៀបចំកិច្ចការចំនួន ៥ផ្នែក។ តាមការឱ្យដឹងពីប្រធាន UN ប្រចាំកម្ពុជា លោកស្រី លើកឡើងបន្ថែមថា ការងារស្នូល គឺការងារគ្រប់គ្រងនគរូបនីយកម្ម ការគ្រប់គ្រងធ្វើផែនការឱ្យបានហ្មត់ចត់ សម្រាប់គ្រប់គ្រងការអភិវឌ្ឍទីក្រុង គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ទីក្រុង។ ដោយយកចិត្តទុកដាក់លើប្រជាពលរដ្ឋរស់នៅទីក្រុង គឺជាយន្តការមួយមាននិរន្តរភាព នឹងធ្វើឱ្យទីក្រុងទទួលបានផលស្មើៗគ្នា ប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋ។ ជាទឡ្ហីករណ៍របស់លោកស្រីដដែល ក្នុងជំនួបខាងលើ។
បន្ថែមពីទឡ្ហីករណ៍ខាងលើ លោក ស្រី បានលើកឡើងតាមរយៈ បទពិសោធន៍ប្រទេសលើសកលលោកមាន GDP ៨០ភាគរយ ទទួលបានពីការអភិវឌ្ឍក្នុងទីក្រុង ដោយឡែកសម្រាប់កម្ពុជា GDP ៥០ភាគរយ ចេញពីការអភិវឌ្ឍក្នុងទីក្រុង។
នៅក្នុងជំនួបដដែលនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនទៅ លោក ស្រី ប្រធាន UN ប្រចាំកម្ពុជាថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលមានតំបន់សេដ្ឋកិច្ច ៥កំពុងដំណើរការ។ លោក ថា ក្នុងនោះបានផ្តល់ការងារជូនយុវជនជាង ៨ម៉ឺននាក់ និងតំបន់សេដ្ឋកិច្ច ៤ទៀតកំពុងសាងសង់ នេះជាសក្តានុពល នៃការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ពិសេសវិស័យសំណង់មានការអភិឌ្ឍយ៉ាងគំហុកគួរឱ្យកត់សំគាល់។
លោក អភិបាលខេត្តតំបន់ទេសចរណ៍ជាប់មាត់សុទ្រ បានជំរាបជូនទៅ លោក ស្រីបន្ថែម ពីសក្តានុពល និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ក្នុងនោះមាន កោះ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ កំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញឆ្លងកាត់ជាង ៧០ភាគរយ ទូទាំងប្រទេស។ លោក ថា បច្ចុប្បន្នមាន ខេត្តនេះ លទ្ធភាពអាចឱ្យនាវាមានជម្រៅទឹក ១០ម៉ែត្រចូលចត និងកំពុងពង្រីកបន្ថែមដើម្បីឱ្យនាវាមានជម្រៅទឹក ១៣.៥០ម៉ែត្រចូលចតនៅ ពេលខាងមុខដើម្បី កាត់បន្ថយតម្លៃដឹកជញ្ជូន ក៍ដូចជាការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។
ស្ថិតក្នុងបរិយាកាសដដែល លោក គួច ចំរើន បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការពង្រីកព្រលានយន្តហោះខេត្តព្រះសីហនុ ដោយក្រុមហ៊ុនបារាំង ដើម្បីឱ្យយន្តហោះប្រភេទធុនធំចុះចតនៅពេលខាងមុខ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវអាកាស។ រាជរដ្ឋាភិបាល បានសាងសង់ផ្លូវហាយវេ ល្បឿនលឿនពីភ្នំពេញមកកាន់ខេត្តព្រះសីហនុ និងគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ ។
លោក បានរម្លឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានប្រវែង ៨៤.៥០៥គីឡូម៉ែត្រ៕
ដោយ៖ឌីណា