Register Already an agent ? Login

អភិបាលខេត្តកណ្ដាលជំរុញឱ្យបណ្ដាមន្ទីរ និងអង្គភាពក្រុង-ស្រុកខិតខំពិនិត្យពិចារណាលើគម្រោងនានាបានច្បាស់លាស់ដើម្បីការអភិវឌ្ឍនៅមូលដ្ឋាន

កណ្ដល៖ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធនានា ពិនិត្យពិចារណាលើតម្រូវការគម្រោងអាទិភាព ដើម្បីបញ្ជូលក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិលដោយស្របតាមស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន។

រាល់សំណើរគម្រោងទាំងឡាយណាបានលើកឡើងដោយមន្ទីរ ក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យសមស្របតាមលក្ខណៈវិនិច្ឆ័យ ដែលបានកំណត់ក្នុងសៀវភៅណែនាំបច្ចេកទេស ឱ្យបានត្រឹមត្រូវ។ ជាការលើកឡើងរបស់ លោក ម៉ៅ ភិរុណ ក្នុងកិច្ចប្រជុំចាត់អាទិភាពតម្រូវការគម្រោងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២០-២០២២ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល។

នៅក្នុងកិច្ចប្រជុំខាងលើ លោក បានបន្តថា ដោយឡែក ចំពោះសំណើរ​ការកសាងផែនការអភិវឌ្ឍន៍ឆ្នាំ២០២០-២០២៤ របស់រដ្ឋបាលខេត្តណាល លោក ក៏បានជំរុញ ដល់មន្ទីរអង្គភាព ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ កំណត់បញ្ហា មូលហេតុ និងរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបហ្នឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រឱ្យកាន់តែប្រសើរឡើង។

ស្ថិតក្នុងបរិយាកាសដដែល លោក អភិបាលខេត្ត បានផ្ដាំផ្ញើដល់បណ្ដាមន្ទីរអង្គភាព ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវកំណត់គោលនយោបាយ និងតួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់ ត្រូវអនុវត្តតាមនីតិវិធីដែលថ្នាក់ជាតិបានណែនាំមិនត្រូវរំលងសកម្មភាពណាមួយឡើយ។ «ពិសេសត្រូវចូលរួមគ្រប់សកម្មភាពក្នុងដំណើរការនៃការកសាងកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ខេត្ត ដោយផ្ដល់ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីជួយធ្វើឲ្យដំណើរការនេះប្រព្រឹត្តិទៅស្របតាមប្រតិទិនការងារដែលបានគ្រោងទុក»។ ជាការបញ្ជាក់ របស់ លោក ម៉ៅ ភិរុណ។

យោងតាមរបាយការណ៍របស់មន្ទីរផែនការខេត្តកណ្ដាល គម្រោងសកម្មភាពអាទិភាពសម្រាប់កម្មវិធីវិនិយោគរបស់ខេត្តមានសរុបចំនួន ២៦៦គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ចមានចំនួន ១៤៨ គម្រោង ផ្នែកសង្គមកិច្ចមានចំនួន ៨៦គម្រោង ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធន់ធានធម្មជាតិមានចំនួន ១៣គម្រោង និងផ្នែករដ្ឋបាលសន្តិសុខមានចំនួន ១៩គម្រោង។

ចំពោះ គម្រោងសកម្មភាពអាទិភាពសម្រាប់កម្មវិធីវិនិយោគរបស់ក្រុង-ស្រុក មានសរុបចំនួន ២០៤គម្រោង ដែលក្នុងនោះផ្នែកសេដ្ឋកិច្ចមានចំនួន ៩៣គម្រោង ផ្នែកសង្គមកិច្ចមាន ៥០ គម្រោង ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិមានចំនួន ៣៤គម្រោង និងផ្នែករដ្ឋបាលសន្តិសុខមានចំនួន ២៧គម្រោង៕

ដោយ៖ឌីណា