កណ្ដាល៖ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដី ខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ដី ចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការចង្អុលបង្ហាញ ពីទីតាំងដី ព្រំដី ហើយត្រូវផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្ដល់ឯកសារពាក់ព័ន្ធទាំងឡាយណាដែលក្រុមការងារត្រូវការ។ លោក ថា ដើម្បីប្រមូលទិន្នន័យទាំងនោះ ឱ្យបានគ្រប់គ្រាន់ តាមទម្រង់ និងនីតិវិធីដែលបានកំណត់ជៀសវាងកុំឱ្យកើតមាននូវកំហុសឆ្គងណាមួយក្នុងការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
ការអំពាវនាវនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងបរិវេណវត្តសិរីមង្គល ដែលមានការចូលរួមពីប្រជាពលរដ្ឋ៤ភូមិ មានភូមិព្រែកជ្រៅ ភូមិដើមជ្រៃ ភូមិពោធិ៍រលំ ភូមិស្ពានថ្មី ក្នុងឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ជាមួយមន្ត្រីជំនាញសំខាន់ខ្លាំងណាស់ គឺបានជំរុញឱ្យក្រុមការងារធ្វើការបានឆាប់រហ័សតាមការគ្រោងទុក និងឆាប់បានផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនបងប្អូនប្រជាពលរដ្ឋនៅពេលបញ្ចប់ការងារផងដែរ។ ជាការបន្តរបស់ អនុប្រធានមន្ទីរដែនដីខាងលើ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើនេះដែរ លោក សាន វ៉ាន់ធុល អភិបាលរងស្រុកមុខកំពូល បានសង្កត់ធ្ងន់ថា ប័ណ្ណកម្មសិទ្ធិដីធ្លី ពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់។ លោក ថា នៅពេលដែលបងប្អូនមានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ធ្វើឱ្យដីធ្លីរបស់ប្អូនមានតម្លៃថ្លៃ ងាយស្រួលក្នុងការទិញលក់ អាចដាក់បញ្ចាំនៅតាមធានាគារបានងាយស្រួល ពិសេសកាត់បន្ថយនូវទំនាស់ព្រំដី។
លោក អភិបាលរងស្រុកដដែល បានបន្តថា ពេលនេះគឺជាឱកាសមួយដែលបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បំផុតជាមួយអាជ្ញាធរ និងក្រុមការងារមន្ត្រីជំនាញ ក្នុងការពន្លឿនវាស់វែងប្រមូលទិន្នន័យ ដើម្បីចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័ស។
លោក សាន វ៉ាន់ធុល បានបន្ថែមថា ដូច្នេះបងប្អូនត្រូវចូលរួមផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្សេងទៀតឱ្យបានយល់ដឹង ត្រូវសហការ សម្របសម្រួលដល់អាជ្ញាធរ និងមន្ត្រីជំនាញ។ ជាមួយគ្នានេះដែរ ចំពោះម្ចាស់ដីត្រូវនិយាយគ្នាឱ្យដាច់ស្រេច ជាមួយនឹងព្រំដីរបស់អ្នកជិតខាង ដោយបោះបង្គោលឱ្យបានច្បាស់លាស់ ព្រមទាំងចង្អុលបង្ហាញទីតាំងដីដោយផ្ទាល់ជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធឱ្យបានឆាប់រហ័ស ព្រោះក្រុមការងារនឹងចាប់ផ្ដើមធ្វើការវាស់វែងនៅ សប្តាហ៍ក្រោយនេះហើយ៕