Register Already an agent ? Login

ទូតជប៉ុននៅកម្ពុជា នឹងជំរុញអ្នកវិនិយោគិនក្នុងប្រទេសរបស់លោក មកវិនិយោគការគ្រប់គ្រងសំរាម និងទាញយកជាថាមពលអគ្គិសនី

ភ្នំពេញ៖ លោក មិកាមិ ម៉ាស្សាហិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថានឹងជំរុញឱ្យមានអ្នកវិនិយោគជប៉ុន មកធ្វើការវិនិយោគលើបញ្ហាការគ្រប់គ្រងនិងប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយទាញទៅជាថាមពលអគ្គិសនី។

ការលើកឡើងខាងលើក្នុងជំនួប ជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាលំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងស្វែងយល់អំពីការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញ និងការទាញយកថាមពលពីសំរាម (Waste Energy) កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ស្ថិតនៅក្នុងជំនួបដដែលនេះ លោក ឯកអគ្គរាជទូតជប៉ុន បានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធអាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ទូតបានបញ្ជាក់ថា បានចាប់អារម្មណ៍ខ្លាំងផងដែរ ចំពោះការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញ នឹងជំរុញឱ្យមានអ្នកវិនិយោគជប៉ុន មកធ្វើការវិនិយោគលើបញ្ហាការគ្រប់គ្រងនិងប្រមូលសំរាម៕

ដោយ៖ឌីណា