Register Already an agent ? Login

រដ្ឋមន្រ្តីដឹកជញ្ជូនកម្ពុជា ស្នើជប៉ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែនៅកម្ពុជា

ហាណូយ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបទ្វាភាគីជាមួយលោក Minorikawa Nobuhide អនុរដ្ឋមន្រ្តីនៃក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានស្នើសូមឱ្យជវប៉ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែនៅកម្ពុជា។

ជំនួបខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីជឹកជញ្ជូនអាស៊ានលើកទី២៥ និងកិច្ចប្រជុំជាមួយដៃគូពិភាក្សាពាក់ព័ន្ធ នៅប្រទេសវៀតណាម។

ក្នុងជំនួបនេះដែរ លោក រដ្ឋមន្រ្តីដឹកជញ្ជូនកម្ពុជា ស្នើភាគីជប៉ុនពិនិត្យលទ្ធភាពវិនិយោគរថភ្លើងទីក្រុងភ្នំពេញ ដើម្បីសម្រួលការធ្វើដំណើរ និងបន្ថយការស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ។ ក្នុងនោះដែរ លោក ក៏បានស្នើសុំភាគីជប៉ុនផ្តល់ជំនួយសាងសង់ប្រព័ន្ធ និងស្ថានីយចម្រោះទឹកកខ្វក់នៅខេត្តមួយចំនួន និងខេត្តជាប់សមុទ្រ ដូចជា កំពត និងកោះកុង ផងដែរ។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ ថុល បានផ្តល់តម្លៃខ្ពស់ចំពោះជំនួយរបស់ភាគីជប៉ុននាពេលថ្មីៗនេះ សំរាប់សាងសង់ស្ថានីយចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ។

ស្ថិតក្នុងបរិយាកាសដដេល ភាគីទាំងពីរបានពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ព ផ្លូវថ្នល់-ស្ពាន សុវត្ថិភាពចរាចរណ៍ ប្រព័ន្ធទឹកកខ្វក់ និងកំពង់ផែ។ ស្របពលជាមួយគ្នានេះដែរ ភាគីទាំងពីរបានកត់សម្គាល់លើភាពជឿនលឿន នៃដំណើរការពង្រីក និងធ្វើទំនើបកម្មកំពង់ផែកម្ពុជា និងការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្តូរទិន្នន័យតាមអេឡិចត្រូនិចសំរាប់នាវាចេញចូលកំពង់ផែក្រោមជំនួយជប៉ុន។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការរៀបចំផែនការមេកំពង់ផែរបស់ជាតិ ជាពិសេសការរៀបចំផែនការមេកំពង់ផែក្រុងព្រះសីហនុ។

រដ្ឋមន្រ្តីជាន់ខ្ពស់កម្ពុជា បានប្រាប់ទៅភាគីជប៉ុន អំពីគម្រោងបង្កើតឡើងវិញនូវវិទ្យាស្ថានសាធារណការ និងដឹកជញ្ជូន និងស្នើសុំជួយការបណ្តុះបណ្តាលលើផ្នែកវិស្វកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកសេដ្ឋកិច្ចដឹកជញ្ជូន។ ទន្ទឹមហ្នឹងនេះដែរ លោក ស៊ុន ចាន់ ថុល កបានស្នើសុំភាគីជប៉ុនផ្តល់នូវអ្នកជំនាញខាងលើសំរាប់បណ្តុះបណ្តាលមន្រ្តីកម្ពុជា និងជួយបណ្តុះបណ្តាលនៅក្នុងវិទ្យាស្ថានខាងលើ។

សូមរម្លឹកថា គម្រោងរថភ្លើងនៅទីក្រុងភ្នំពេញ JICA បានបញ្ចប់គម្រោងសិក្សារួចហើយ ប៉ុន្តែដោយសាររដ្ឋាភិបាលខ្វះថវិកា វិនិយោគប្រមាណ ៨០០លានដុល្លារ ដូច្នេះរដ្ឋាភិបាលជមរុនញឱ្យវិស័យឯកជន វិនិយោគលើប្រព័ន្ធផ្លូវដែកក្នុងទីក្រុង។

គូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ជាប្រទេសផ្តល់ជំនួយធំមួយដល់កម្ពុជា ហើយកាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានហិរញ្ញប្បទានប្រមាណ ១៣៥លានដុល្លារ ក្នុងនោះជាជំនួយឥតសំណង និងជាកម្ចីដែលមានការប្រាក់ទាប ពីរដ្ឋាភិបាលជប៉ុន៕

ដោយ៖ឌីណា