Register Already an agent ? Login

ក្រុមហ៊ុន មួយមកពីចិន មានគម្រោងកែឆ្នៃសំរាម បំលែងជាថាមពលអគ្គិសនីនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd ក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយ លោកគួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានគោលបំណងវិនិយោគកែឆ្នៃសំរាម បំលែងជាថាមពលអគ្គិសនៅខេត្តព្រះសីហនុ។

ក្នុងជំនួបដែលធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក YANG HONG HAO ប្រធានក្រុមហ៊ុន ខាងលើបានជំរាបជូនអភិបាលខេត្តជាប់សមុទ្រកំពង់ផែស្វ័យតទឹកជ្រៅ អំពីគោលបំណងវិនិយោគឱ្យកាន់តែប្រសើរឡើងដល់ខេត្តព្រះសីហនុ។ លោក ថា នឹងផ្តល់ឱកាសឱ្យក្រុមហ៊ុនលោកមកធ្វើការវិនិយោគកែឆ្នៃសំរាមទៅជាអគ្គិសនី និងវិនិយោគលើផ្នែកផ្សេងៗទៀតនៅខេត្តព្រះសីហនុ។ លោកបានបន្តថា ក្រុមហ៊ុនមានជំនាញ បច្ចេកវិទ្យាក្នុងការកែឆ្នៃសំរាម មកជាមពលអគ្គិសនី ទន្ទឹមនឹងនោះ ក៏មានគម្រោងការងារមនុស្សធម៌ជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ។

ក្នុងជំនួបខាងលើ ប្រធានក្រុមហ៊ុនដដែលនេះ ក៍បានអញ្ជើញអភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនៈកិច្ចនៅរោងចក្រក្នុងខេត្ត ប្រទេសចិនផងដែរ។

ស្ថិតក្នុងបរិយាកាសដដែល លោក គួច ចំរើន បានស្វាគមន៍ក្រុមហ៊ុនដែលមានបំណងមកធ្វើការវិនិយោគអគ្គិសនី យកវត្ថុធាតុដើមចេញពីសំរាម ប្រសិនបើសិក្សាមានផលវិជ្ជមាន រដ្ឋបាលខេត្តនឹងស្វាគមន៍ចំពោះការវិនិយោគមួយនេះ និងសន្យាជួយរកទីតាំងបង្កើតរោងចក្រ និងជួយសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការសុំច្បាប់វិនិយោគនៅ CDC និងក្រសួងបរិស្ថានថែមទៀតផង។

លោក គួច ចំរើន បានរម្លឹកថា កន្លងមកមានអ្នកវិនិយោគបានចូលជួបពិភាក្សាគ្នា ក្នុងគោលបំណងវិនិយោគសំរាម ដោយកែឆ្នៃជាថាមពលអគ្គិសនី ក៍ប៉ុន្តែមិនបានឆ្លើយតបតាមតម្រូវការដែលរដ្ឋបាលខេត្តចង់បាននោះទេ គឺគ្រាន់តែមកហើយ បាត់ស្ងាត់ទៅវិញ។ លោក ថា បើក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd មានបំណងមកវិនិយោគពិតប្រាកដ ត្រូវសិក្សាលម្អិត ហើយរដ្ឋាភិបាលខេត្តនឹងចូលរួមសហការ ដើម្បីដំណើរការបង្កើតរោងចក្រ ឡដុតសំរាមទទួលបានផ្លែផ្កានាពេលខាងមុខ៕

ដោយ៖ឌីណា