Register Already an agent ? Login

លោក ស៊ុន ចាន់ថុល លើកទឹកចិត្តអ្នកវិនិយោគចិនខេត្តហ៊ូណាន ចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា វិនិយោគលើវិស័យអាទិភាព ជាពិសេសវិស័យផ្លូវ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តដល់អ្នកវិនិយោគចិនទាំងអស់ ជាពិសេស អ្នកវិនិយោគមកពីខេត្តហ៊ូណាន ឱ្យចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីវិនិយោគលើវិស័យអាទិភាពរបស់កម្ពុជា ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានគម្រោងជាច្រើន។

នៅក្នុងពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុនចិន មកពីខេត្តហ៊ូណាន ដឹកនាំដោយ លោក Du Jianhao លេខាធិការនៃគណៈកម្មាធិការបក្សកុំម្មុយនីសចិន ខេត្តហ៊ូណាន ក្នុងព្រឹត្តិការណ៍ជំរុញការវិនិយោគ និងពិព័រណ៍សម្ភារផ្គត់ផ្គង់ និងផលិតផលឧស្សាហកម្មប្រទេសចិនរបស់ខេត្តហ៊ូណាន ដែលរៀបចំឡើងដោយ មន្ទីរពាណិជ្ជកម្មខេត្តហ៊ូណាន ប្រទេសចិន និងរដ្ឋបាលក្រុងឆាងសា លោក ស៊ុន ចាន់ថុល បានលើកកចិត្តដល់អ្នកវិនិយោគចិនទាំងអស់ ជាពិសេស អ្នកវិនិយោគមកពីខេត្តហ៊ូណាន ឱ្យចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីវិនិយោគលើវិស័យអាទិភាពរបស់កម្ពុជា ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានគម្រោងជាច្រើន។

នៅក្នុងកិច្ចពីភាក្សានេះ លោក ក៏បានលើកពីគម្រោងជាច្រើនដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿន ផ្លូវតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែ ផ្លូវតាមតំបន់ព្រំដែន គម្រោងសាងសង់ផ្លូវដែកថ្មី ភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប និងសិរីសោភ័ណ-សៀមរាប គម្រោងតភ្ជាប់ផ្លូវដែកពីរាជធានីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញថ្មី គម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ(MRT) ក្នុងរាជធានីភ្នំពេញ គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំង ចំណតកុងតឺន័រ និងផែស្ងួត គម្រោងសាងសង់កំពង់ផែទឹកសាបនៅតាមបណ្តោយទន្លេមេគង្គ និងទន្លេសាប គម្រោងសាងសង់ប្រព័ន្ធ និងស្ថានីយចម្រោះទឹកកខ្វក់ នៅខេត្តក្រុងធំៗ និងខេត្តជាប់សមុទ្រផងដែរ។

កម្ពុជាមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃភូមិភាគអាស៊ីអាគ្នេយ៍ដែលជាទីតាំងយុទ្ធសាស្រ្តដ៏ល្អប្រសើរមួយសម្រាប់ធ្វើជាមជ្ឈមណ្ឌលភស្តុភារកម្ម និងការតភ្ជាប់តំបន់ ហើយកម្ពុជាជាប្រទេសដែលមានធនធានធម្មជាតិដ៏សំបូរបែប រួមជាមួយនឹងកម្លាំងពលកម្មវ័យក្មេងជាច្រើនប្រកបដោយភាពឧស្សាហ៍ព្យាយាម និងស្វាហាប់ រួមទាំងមានច្បាប់វិនិយោគមួយដ៏ល្អប្រសើរ និងមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាភ្នាក់ងារវិនិយោគនៃច្រកចេញ-ចូលតែមួយសម្រាប់ការវិនិយោគ រួមទាំងមានការលើកទឹកចិត្តជាច្រើនផ្សេងទៀត។ ជាការបន្តរបស់ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនកម្ពុជា។

ស្ថិតក្នុងកិច្ចពិភាក្សាដដែល លោក ស៊ុន ចាន់ ថុល ក៏បានបង្ហាញពីគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលត្រូវការទុនវិនិយោគជាច្រើនសម្រាប់ អភិវឌ្ឍវិស័យអាទិភាពនានារួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ ដែលត្រូវការជាចាំបាច់នូវការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាដើម្បីវិនិយោគលើវិស័យសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្មធុនស្រាល វិស័យឧស្សាហកម្មកែច្នៃ វិស័យផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម វិស័យផលិតកម្ម និងការកែច្នៃម្ហូបអាហារ វិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។

ដោយសារកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទំនាក់ទំនងល្អ និងជាប្រពៃណីរវាងកម្ពុជា-ចិន និងការអនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាផ្លាស់ប្ដូរមុខមាត់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនយ៉ាងរឹងមាំក្នុងរង្វង់ ៧ភាគរយ។ ជាការអះអាងរបស់ លោក ស៊ុន ចាន់ថុល និងបានបន្តថា ជាមួយគ្នានេះដែរ តាមរយៈការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងទេសចរណ៍ ហើយទំហំពាណិជ្ជកម្មនេះគ្រោងនឹងកើនដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ខាងមុខ ដើម្បីសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក រដ្ឋមន្រ្តីដឹកជញ្ជូនកម្ពុជា សង្ឃឹមជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ចិន នឹងជំរុញឱ្យអ្នកវិនិយោគចិន ពិចារណានូវកាលានុវត្តភាពជាច្រើនសម្រាប់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ហើយតាមរយៈព្រឹត្តិការណ៍នាថ្ងៃនេះ ទំនាក់ទំនងរវាងខេត្តហ៊ូណាន និងកម្ពុជា នឹងកាន់តែភាពល្អប្រសើរឡើងថែមទៀត។ លោក ថា រាជរដ្ឋាភិបាលកម្ពុជា គឺបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញតួនាទីជាអ្នកសម្របសម្រួល ដល់វិស័យ ឯកជន ជាពិសេស អ្នកវិនិយោគដែលមកពីខេត្តហ៊ូណាន ដើម្បីចាប់ផ្តើម និងពង្រីកអាជីវកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា កិច្ចពិភាក្សាខាងលើធ្វើឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានការចូលរួមពី លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ប៉ាន់ សូរសក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លោកជំទាវ មកពីក្រសួងពាក់ព័ន្ធ និងលោក លោកស្រីជាពាណិជ្ជករ អាជីវករ វិនិយោគិននៃខេត្តហ៊ូណាន ព្រមទាំងមន្ត្រីអ្នកមុខ អ្នកការកម្ពុជាជាច្រើននាក់៕

ដោយ៖ឌីណា