ខេត្តកំពង់់ស្ពឺ៖ នាព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀប ចំ ដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធនានានៅក្នុង គម្រោងបែង ចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ៤០០គ្រួសារ និង សម្ពោធសមិទ្ធផលនានានៅក្នុងទីតាំងសម្បទានដីសង្គមកិច្ចរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន ២ (LASED II) ដែលស្ថិតនៅក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
របាយការណ៍ស្វាគមន៍របស់ លោក វ៉ី សំណាង អភិបាល ខេត្ត កំពង់ស្ពឺ បានបញ្ជាក់ថាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង ការអភិវឌ្ឍជំហាន២ LASED II គឺជាគម្រោងមួយគាំទ្រដល់ការ ប្រតិបត្តិកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចែក ជូនដីដល់អ្នកគ្មានដី និងអ្នកក្រីក្រតាមរយៈដីសម្បទានសង្គមកិច្ច ដើម្បីលើកកម្ពស់ការចិញ្ចឹមជីវិតរបស់គ្រួសារក្រីក្រ និងជនងាយរង គ្រោះ។
គម្រោងគឺមានគោលបំណង ដើម្បីបែងចែកដីធ្លីរបស់រដ្ឋ ដែលមានលក្ខណៈសមស្របសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីប្រកបរបកសិកម្ម ការចិញ្ចឹមសត្វ ការទទួលបាននូវសេវា សាធារណ: និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ បង្កើនផលិត ភាពជាមួយនឹងការផ្តល់សេវាកម្មគាំទ្រសមស្របមួយចំនួនដល់គ្រួសារដែលមានដីធ្លីតិចតួច និងគ្មានដីធ្លីស។
លោកក៏បានបន្តទៀតថាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ បានទទួលហិរញ្ញប្បទានពី ធនាគារ ពិភពលោក ដែលមានរយៈពេល ៥ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ ខែធ្នូ ឆ្នាំ២០២១ ថវិកាសរុប ២៦,៨៦ លានដុល្លារ សហរដ្ឋអាមេរិក ក្នុងនោះថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា មានចំនួន១,៨០ លានដុល្លារសហរដ្ឋអាមេរិក ។
ខេត្តគោលដៅ ជាអាទិភាពចំនួន ៥ត្រូវបានជ្រើសរើសសម្រាប់ អនុវត្តគម្រោង ឡាសិត ២ នេះ រួមមាន ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ហើយខេត្តកំពង់ស្ពឺគឺជា ខេត្តគោលដៅ មួយក្នុងចំណោមខេត្តទាំង៥ ដែលត្រូវបាន ជ្រើសរើសសម្រាប់អនុវត្តផងដែរ។
ដីសម្បទានសង្គមកិច្ចដែល ត្រូវបានស្នើរសុំធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ តាមអនុក្រិតលេខ២០១អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១ ដោយកាត់ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ គ្របដណ្តប់លើផ្ទៃដីសរុប ១,១២០ ហត ដែលមានចំនួន ០២ ទីតាំង ក្នុងនោះទីតាំងទី១ ស្ថិតនៅក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុបចំនួន ៣៣០ ហត សម្រាប់ចែកជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងទីតាំងទី ២ ស្ថិតនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុបចំនួន ៧៩០ ហត សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅចំនួន ៤០០ គ្រួសារ ដែលបច្ចុប្បន្ននេះបាននឹងកំពុងអនុវត្តដោយគម្រោងឡាសិត ២ ។
ថ្លែងនៅក្នុងពិធីនោះ លោក ជា សុផារ៉ា បានសរសើរចំពោះអាជ្ញាធរខេត្ត កំពង់ស្ពឺដែលបានខិតខំថែរក្សាដីរបស់រដ្ឋបានត្រឹមត្រូវ ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រ និងមានតម្រូវការពិតប្រាកដ។ លោកា ក៏បានកោតសរសើរផងដែរចំពោះមន្ត្រីគ្រប់លំដាប់ ថ្នាក់ដែលបានរួមចំណែកអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ន ដោយមិនធ្លាប់មានបាតុភាពណាមួយកើតឡើងដែលបង្ហាញអំពីការរើសអើង បក្សពួក ឬការចោទប្រកាន់ណាមួយពី ប្រជាពលរដ្ឋឡើយ។
ទន្ទឹមនឹងនោះ លោក ជា សុផារ៉ា បានផ្តាំផ្ញើដល់សម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះថា មិនត្រូវបញ្ចាំ ឬលក់ដូរដីនេះឡើយ ព្រោះវាជាអាយុជីវិតរបស់បងប្អូន ហើយរដ្ឋមន្ត្រីដែនដីបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋព្យាយាមស្វែងរកប្រភពចំណូល និងបង្កបង្កើនផលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានានាប្រសើរជាងយកដីទៅបញ្ចាំ ឬលក់៕
ដោយ ឌីណា