ភ្នំពេញ៖ លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតអគារតាំងលក់រថយន្ត លក់គ្រឿងបន្លាស់ និងសេវាកម្មថែទាំរថយន្ត លើផ្ទៃដីទំហំ ៨.០០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោហ៊ុនសែន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងតំណាងក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុម និងក្រុមហ៊ុនទីប្រឹក្សាខាងលើ។
កិច្ចប្រជុំអន្តរក្រសួង ទទួលលទ្ធផល ដូចខាងក្រោម៖
ទី១-សូមគាំទ្រទាំងស្រុងលើគម្រោងអគារតាំងលក់រថយន្ត លក់គ្រឿងបន្លាស់ និងសេវាកម្មថែទាំរថយន្ត។
ទី២-ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់រឹង/រាវ និងសំរាមឱ្យបានត្រឹមត្រូវ។
ទី៣-ក្រុមហ៊ុនទីប្រឹក្សា ត្រូវគ្រប់គ្រង និងទុកដាក់សំណល់គ្រោះថ្នាក់ ដើម្បីរក្សាសុវត្ថិភាពដល់បុគ្គលិកធ្វើការនៅទីនោះ។
ទី៤-ចំពោះសំណល់ប្រេង ក្រណាត់ប្រឡាក់ប្រេង និងកម្ទេចកំទីផ្សេងៗ ក្រុមហ៊ុនត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ។
ទី៥-ក្រុមហ៊ុន ត្រូវគិតគូរអំពីគុណភាពខ្យល់ សំឡេង/រំញ័រ ឱ្យបានហ្មត់ចត់។
ទី៦-ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវយកចិត្តទុកដាក់ពីសុខភាពបុគ្គលិក-កម្មករ និងកែសម្រួលរបាយការណ៍នេះឱ្យស្របទីតាមច្បាប់ការងារ។
ទី៧-ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវដាំដើមឈើឱ្យបាន ៣០ភាគរយនៃផ្ទៃដីសរុប។
ទី៨-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានល្អ។
គូសបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងលើគម្រោងខាងលើ ធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងបរិស្ថាន៕
ដោយ៖ឌីណា