ភ្នំពេញ៖ កម្ពុជា-កាតា បានកំពុងពិភាក្សា លើសេចក្តីព្រាងកិច្ចព្រមព្រៀង ចំនួន២គឺ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងបច្ចេកទេស ព្រមទាំងកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នូវការវិនិយោគ ដើម្បីពង្រឹង-ពង្រីក ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ខណៈបច្ចុប្បន្នការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នៅមានទំហំតិចតួចនៅឡើយ។ នេះបើយោងតាម ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបជាមួយលោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ូហាម៉េត អ៊ីស្មែល អាល់អេម៉ាឌី (Mohamed Ismail Al Emadi) ឯកអគ្គរដ្ឋទូត នៃរដ្ឋកាតាប្រចំាក្រកម្ពុជា បានស្នើភាគីកម្ពុជា ពន្លឿនការពិនិត្យ និងកែសម្រួលខ្លឹមសារ នៃកិច្ចព្រមព្រៀងទាំង២ខាងលើ ដើម្បីឈានដល់ចុះហត្ថលេខា នាពេលខាងមុខ។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា កាតាមានបំណង នាំចូលផលិតផលកសិកម្ម មកផ្គត់ផ្គង់ទីផ្សារកម្ពុជា និងបានអញ្ជើញ មន្ត្រីជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកាតា និងកម្ពុជាដែលគ្រោង នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០១៩ នៅកាតាផងដែរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីស្តីទី កឹម ស៊ីថន បានសន្យាជំរុញការងារ តាមសំណើរបស់ភាគីកាតា និងបានស្នើឯកអគ្គរដ្ឋទូត រៀបចំដំណើរទស្សនកិច្ចសិក្សា និងវេទិកាជំនួបធុរកិច្ច សម្រាប់សភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ ពីឱកាសវិនិយោគ និងការចាប់ដៃគូ ធុរកិច្ចទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងសេដ្ឋកិច្ចទ្វេភាគី។
លោករដ្ឋមន្ត្រីស្តីទី ក៏បានស្នើឯកអគ្គរដ្ឋទូត បង្កើនការនាំចូលទំនិញ កសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករក្រអូប និងជួយជំរុញប្រជាជនកាតា ចូលមកកម្សាន្តនៅកម្ពុជា ដើម្បីស្វែងយល់ អំពីសក្តានុពលវិស័យសំខាន់ៗ ដូចជាសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ដោយសារកម្ពុជា សម្បូរតំបន់ទេសចរណ៍ បែបធម្មជាតិ និងបែបប្រវត្តិសាស្ត្រជាច្រើន។
សូមជម្រាបថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-កាតា សម្រេចបានត្រឹមតែជាង ២លានដុល្លារប៉ុណ្ណោះ ពោលគឺ ១,៥៣លានដុល្លារ (២០១៦) , ១,៦៧លានដុល្លារ (២០១៧) និង ១,៦៦លានដុល្លារ (៦ខែ នៃឆ្នាំ២០១៨) ដែលទឹកប្រាក់នេះ មានកម្រិតទាបបំផុត បើធៀបជាមួយនឹងទំហំពាណិជ្ជកម្ម របស់ប្រទេសក្នុងតំបន់៕
ប្រភព : www.dap-news.com