ភ្នំពេញ៖ គណៈប្រតិភូចិន មកពីខេត្តជឺជាំង ដឹកនាំដោយលោក ចាង សឺស្ស៊ី (Zhang Zexi) អនុប្រធានសភាប្រឹក្សាយោបល់ ខេត្តជឺជាំង បានបង្ហាញគោលបំណងចង់មកវិនិយោគបង្កើតតំបន់ទេសចរណ៍នៅកម្ពុជា ពិសេសសម្រាប់ទេសចរវ័យចំណាស់ ខណៈការតភ្ជាប់ ជើងហោះហើរត្រង់ពីខេត្តមួយនេះត្រូវបានបញ្ជាក់ថានឹងបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១៩។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក ចាង សឺស្ស៊ី បានមានប្រសាសន៍ថា “គណៈប្រតិភូចិន មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឱកាសវិនិយោគបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរវ័យចំណាស់នៅកម្ពុជា។ នៅខេត្តជឺជាំង សម្បូរទៅដោយប្រជាជនច្រើនហើយនៅឆ្នាំ២០១៨ទេសចរចិននៅខេត្តជឺជាំង ចេញដើរកម្សាន្តនៅក្រៅប្រទេសមានចំនួន ២លាន៨សែននាក់ក្នុងនោះមកកម្ពុជាប្រមាណ៨ម៉ឺននាក់”។
លោក បន្តថាភ្ញៀវទេសចរចិនមកពីខេត្តរបស់លោកនឹងមកទស្សនានៅកម្ពុជាកាន់តែច្រើនឡើងថែមទៀតហើយនៅពេលរដូវត្រជាក់ម្ដងៗ ពួកគេចូលចិត្តស្នាក់នៅតំបន់លម្ហែរបស់ពួកគេនៅតំបន់ភាគខាងត្បូងប្រទេសចិ ដែលមានអាកាសធាតុក្ដៅស្រួល ជាងខេត្តជឺជាំង។
ឆ្លៀតឱកាសនោះដែរ លោក ថោង ខុន បានបង្ហាញការស្វាគមន៍យ៉ាងខ្លាំងចំពោះគោលបំណងរបស់ភាគីចិនខាងលើនេះ ហើយលោកថែមទាំងបានណែនាំពីឱកាសវិនិយោគជាមួយក្នុងវិស័យទេសចរណ៍ ពិសេសគឺការបង្កើតនៅតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា និងតាមបណ្ដោយទន្លេមេគង្គដែលហូរកាត់ប្រទេសកម្ពុជាជាង ៤០០គីឡូម៉ែត្រ មានទេសភាពស្រស់ត្រកាលនិងអំណោយផលដល់ការស្នាក់នៅយូរ និងទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរ។
ជាមួយគ្នានោះ រដ្ឋមន្ត្រី ទេសចរណ៍ បានស្នើឱ្យភាគីចិននៅខេត្តជឺជាំងជួយជំរុញការបណ្ដុះបណ្ដាលភាសាចិនដល់បុគ្គលិកជំនាញទេសចរណ៍និងមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាដែលនិយាយភាសាចិន តាមរយៈការបង្កើតសាលាវិជ្ជាជីវៈជំនាញទេសចរណ៍នៅកម្ពុជា សំដៅសម្រេចឱ្យបានចំនួនបុគ្គលិកជំនាញនិងមគ្គុទ្ទេសទេសចរណ៍ឆ្លើយតបនឹងចំនួនទេសចរណ៍ពិសេសទេសចរចិនដែលនៅតែកើនឡើងជាលំដាប់។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីចិន ជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជឺជាំងមកកម្ពុជាឱ្យបានឆាប់រហ័សផងដែរដើម្បីជំរុញកំណើនទេសចរពីខេត្តមួយនេះ ឱ្យបានកាន់តែច្រើនឡើង។ ចំណុចនេះ លោក ចាង សឺស្ស៊ី បានឆ្លើយតបវិញថា ខេត្តជឺជាំងរបស់លោកក៏បានខិតខំជំរុញការងារនេះដែរហើយនៅកំឡុង ឆ្នាំ២០១៩នេះជើងហោះហើរត្រង់ពីខេត្តជឺជាំងមកកម្ពុជានឹងត្រូវដំណើរការឡើងជាផ្លូវការ ៕
ប្រភព : www.dap-news.com