នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Weng Gang អនុប្រធានក្រុមហ៊ុន សាជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) នៅវិមានសន្តិភាព។

លោក Weng Gang បានថ្លែងប្រាប់ សម្តេចតេជោនាយករដ្ឋមន្រ្តីថា ផ្លូវល្បឿនលឿន ពីទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ដែលជាគម្រោងដ៏ធំបំផុតមួយក្នុងចំណោមគម្រោងជាង ១៥៥ ដែលក្រុមហ៊ុនបានវិនិយោគនៅក្រៅប្រទេស។ គម្រោងផ្លូវល្បឿនលឿន (Express Way) ដែលជាគម្រោងផ្លូវល្បឿនលឿនធំជាងគេទី១នៅកម្ពុជា គឺនឹងត្រូវចំណាយទឹកប្រាក់ ២ពាន់លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើរ និងគាំទ្រនូវគម្រោងវិនិយោគទាំងឡាយរបស់ក្រុម CRBCដែលភាគច្រើនគឺបានសាងសង់ស្ពានថ្នល់ធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ គឺនឹងកាន់តែផ្តល់ផលប្រយោជន៍ជាច្រើនថែមទៀតដល់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា គម្រោងវិនិយោគធំៗបែបនេះនៅកម្ពុជានឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការគាំទ្រ និងជួយជ្រោមជ្រែងពី លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក នាយករដ្ឋមន្រ្តី លី ឃឺជាង។
ផ្លូវល្បឿន លឿន ភ្នំពេញ ព្រះសីហនុ នឹងត្រូវសម្ភោធនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះហើយ ដែលផ្លូវនេះ នឹងត្រូវចំណាយពេល៤៨ខែ ស្មើនឹង ៤ឆ្នាំ ក្នុងការសាងសង់ ។

គួររំលឹកផងដែរថា ផ្លូវនេះគ្រោងនឹងចំណាយថវិកាប្រមាណជិត ២ពាន់លានដុល្លារមានប្រវែងសរុប ១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លង ឆ្លងកាត់៤ រាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពី និងខេត្តព្រះសីហនុ ក្នុងនោះឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ ជាមួយកន្លែងសម្រាប់ឈប់សម្រាកចំនួន ៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង ។

នៅអមសងខាង ផ្លូវមានរបងដើម្បីការពារសត្វពាហនៈដើរឆ្លងកាត់, មានរបាំងការពារ សំឡេង សរុប ប្រវែង ៥៧,១៩គីឡូម៉ែត្រ នៅតាមតំបន់ទីប្រជុំជន ដើម្បីការពារសំឡេងរំខានដល់ប្រជាពលរដ្ឋ ព្រម ទាំង ទុក កន្លែងមនុស្ស និងសត្វព្រៃដើរឆ្លងកាត់ចំនូន ៣៥២កន្លែង។

ប្រភព : Bee