Register Already an agent ? Login

ក្រុមហ៊ុនមកពីចិន បានបង្ហាញចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគយានយន្តអគ្គសនីនិងស្វាយចន្ទី នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ទស្សនកិច្ចកម្ពុជាស្វែងយល់បរិយាកាសវិនិយោគ ដោយមានបំណងវិនិយោគលើវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី)។

លោក ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយលោក ចាង ឆាវមីន ប្រធាននិងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) នារសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាមជំនួប លោក ចាង ឆាវមីន បានលើកឡើងឱ្យដឹងថា ក្រុមហ៊ុន ICAP ត្រូវបានបង្កើតទ្បើងតាមរយៈគំនិតផ្តួចផ្តើម និងការគាំទ្ររបស់រដ្ឋាភិបាលក្រុងគ័ងចូវ ហើយក្រុមហ៊ុនបានផ្តោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិម្មិត (AI), សឺមីកុងឌុចទ័រ (Semiconductor), ថាមពលថ្មី និងសរសៃការបូន (Carbon Fiber) ជាដើម។

លោក បានគូសបញ្ជាក់ថា ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជាលើវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី)។

នាឱកាសនោះ លោក ជា វុទ្ធី ជម្រាបជូនគណៈប្រតិភូពីសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យទាំងពីរ ក៏ដូចជា គោលនយោបាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្តផ្សេងៗ។

រាជរដ្ឋាភិបាល បានដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ផងដែរកាលពីខែឧសភា ឆ្នាំ២០២៤ ដែលគោលនយោបាយនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គសនី។ ជាការលើកឡើង លោក ជា វុទ្ធី។

ចំពោះវិស័យឧស្សាហកម្មស្វាយចន្ទី អគ្គលេខាធិការបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។

លោក បានលើកឡើងបន្តថា តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសជាច្រើនផ្សេងទៀត។

ជាមួយគ្នានេះ អគ្គលេខាធិការ ក៏បានលើកឡើងពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។

ក្នុងន័យដូចបានជម្រាបជូនខាងលើ អគ្គលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ។

ជាការឆ្លើយតប លោក ចាង ឆាវមីន បានថ្លែងអំណរគុណ អគ្គលេខាធិការ ដែលបានចំណាយពេលទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានស្តីពីឧស្សាហកម្មយានយន្ត ក៏ដូចជាឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ ដោយទទួលបានព័ត៌មានពិស្តារពាក់ព័ន្ធនឹងវិស័យទាំងពីរនេះ ក្រុមហ៊ុនបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យទាំងពីរនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)