ភ្នំពេញ: រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជាប្តេជ្ញាយ៉ាងមុតមាំ នឹងបញ្ចុះតម្លៃភ្លើងតាមបារ៉ែមថ្មីមកនៅត្រឹមតំលៃ៤៨០រៀល ក្នុងមួយគីឡូវ៉ាតនឹងដំណើរការនៅតាមផ្សារនានា ពិសេសផ្សារនៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ទៅតាមអនុសាសន៍សម្តេចតេជោ ដែលបានដាក់ចេញអោយចុះតំលៃអគ្គិសនីបន្ថែមនៅថ្ងៃ០១ មករា២០១៩។
លោក កែវ រតនៈរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គិសនីកម្ពុជានៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជាស្តីពី ការត្រួតពិនិត្យតម្លៃទឹក អគ្គិសនីក្នុងផ្សាររដ្ឋ ផ្សារវិនិយោគនិងផ្សារឯកជនទាំងអស់ នៅក្នុងរាជធានីនៅថ្ងៃទី២១ ធ្នូ២០១៨ នៅសាលារាជធានីភ្នំពេញបានលើកឡើងថា អគ្គិសនីកម្ពុជាមានបញ្ហាប្រឈមច្រើន លើបញ្ហានៃការផ្តល់សេវាអគ្គិសនីជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរកស៊ីនៅក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅក្នុងខុនដូ។
លោកបន្តថា សំរាប់ខុនដូភ្លើងដែលផ្គត់ផ្គង់ដោយឯកជន ចែកចាយបន្តមានតំលៃចាប់១៥០០ទៅ២០០០រៀល ហើយបញ្ហានេះយើងបាននឹងកំពុងប្រជុំ ដើម្បីធ្វើការដោះស្រាយ ដោយសារតែអគ្គិសនីកម្ពុជាជាអ្នកលក់ដូភ្លើង ជាអ្នកផ្តល់សិទ្ធិចែកចាយ ជាអ្នកមានសិទ្ធិចែកចាយ និងកំណត់តម្លៃភ្លើងអគ្គិសនី។
ពាក់ព័ន្ធនឹងបញ្ហានេះលោកស្នើសុំអោយអាជ្ញាធរខណ្ឌ សង្កាត់សហការ ជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការធ្វើបញ្ជីតូប និងវិក័យប័ត្រភ្លើងនៅក្នុងផ្សារ ដើម្បីយើងធ្វើសំណើរមកក្រុង ក៏ដូចជា ទៅខុទ្ទកាល័យសម្តេចតេជោនិងក្រសួងពាក់ព័ន្ធ ។
នៅពេលសំណើរនេះចុះមកវិញ យើងអនុវត្តន៍តែម្តង ដើម្បីរអនុវត្តតំលៃភ្លើងថោក ទៅតាមអនុសាសន៍សម្តេចតេជោ ដែលអោយចុះតំលៃបន្ថែមនៅថ្ងៃ០១ មករា២០១៩ ។
លោកកែវ រតនៈបានបញ្ជាក់ថា ក្រុមការងារ ក្រោមការសហការពីអាជ្ញាធររាជធានីនិងធ្វើអោយបានជោគជ័យ យ៉ាងយូក្នុងសប្តាហ៍ទី៣ ក្នុងខែមករា២០១៩នេះ ដោយអគ្គិសនី នឹងបញ្ចុះតំលៃទៅតាមប៉ារ៉ែមថ្មី របស់រដ្ឋាភិបាលគឺ៤៨០០រៀលក្នុងមួយគីឡូវ៉ាត ទោះបីក្នុងស្ថិតក្នុងរូបភាពយ៉ាងណាក៏ដោយ។ តែផ្ទុយទៅវិញបើក្រុមហ៊ុនឯកជននៅក្នុងផ្សារនានា មិនអនុវត្តតាមយើងនឹងបិទអាជីវកម្មតែម្តង។
លោកបញ្ជាក់ទៀតថា បើប្រជាពលរដ្ឋ មានបញ្ហាមិនប្រក្រតីពាក់ព័ន្ធនឹងអគ្គិសនី សូមទំនាក់ទំនងមកអគ្គិសនីកម្ពុជា តាមរយៈចូលមកហ្វេសបុកអគ្គិសនីកម្ពុជា យើងចាត់ការជូនភ្លាមៗ។ លោកបន្ថែមទៀតថា នៅឆ្នាំ២០១៩នេះយើងកែទម្រង់វិក័យប័ត្រថ្មី ដើម្បីអោយអោយសេវាខិតជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងបានជម្រុញអោយផ្នែកជំនាញ អាជ្ញាធរខណ្ឌទាំងអស់ ធ្វើការងារពាក់ព័ន្ធនឹងការតបណ្តាញភ្លើងរដ្ឋចូលផ្សារ អោយបានលឿន ដែលអាចអោយអាជីវករ បានប្រើប្រាស់ភ្លើងរដ្ឋបានយ៉ាងយូរ ថ្ងៃទី៣១ខែមករា២០១៩ ទៅតាម អនុសាសន៍របស់សម្តេចតេជោ ។
លោកអភិបាលក្រុងបន្តថា អាជីវករ ក៏ជាប្រជាពលរដ្ឋដែរ ដូច្នេះត្រូវប្រើប្រាស់ភ្លើងតំលៃរដ្ឋ។ ប៉ុន្តែតំលៃខាតបង់យ៉ាងម៉េចយើងជាអ្នកប៉ះប៉ូវ ចំពោះក្រុមហ៊ុនឯកជន។ បញ្ហារៀបចំបណ្តាញភ្លើង បើមិនប្រក្រតីអាជ្ញាធរ ខណ្ឌ សង្កាត់ត្រូវស្នើមកអគ្គិសនីកម្ពុជា ដើម្បីអោយគាត់រៀបចំ។ ចំពោះគណៈកម្មាការផ្សារត្រូវធ្វើរបាយការណ៍ មកខណ្ឌ មករាជធានី ដើម្បីយើងរៀបចំបញ្ចុះតំលៃភ្លើង។ គណៈកម្មាការផ្សារត្រូវមើលឲ្យមែនទែន ការឡើងថ្លៃទឹក ភ្លើង បើផ្សារគ្រប់គ្រងមិនបានទេ ប្រធានផ្សារមានបញ្ហាហើយ ដោយលោកនឹងដកចេញ ហើយអាចដាក់បញ្ចូលសហគមន៍ក្នុងផ្សារធ្វើជាប្រធានវិញ។
កាលពព្រឹកថ្ងៃទី១៧ ខែធ្នូ ២០១៨ កន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង នៅក្នុងពិធិសម្ពោធបើកអោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង បានបានប្រកាសថា តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ ទៅតាមប្រភេទនៃការប្រេីប្រាស់នីមួយៗ ក្នុងនោះប្រភេទទី១ ការទិញតាមចរន្តតុងស្យុងខ្ពស់ បច្ចុប្បន្ននេះគឺតម្លៃ 0,1240$/Kwh(៥០៣៛) និងចុះនៅត្រឹម 0,1170$/Kwh(៤៧០៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ / អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយ័នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះតម្លៃ 0,1475$/Kwh(៥៩៨៛) និងចុះទៅដល់ 0,1350$/Kwh(៥៤៧៛) នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ 0,1330$/Kwh(៥៣៩៛) / អ្នកទិញតាមចរន្តតង់ស្យុងមធ្យមតាមខេត្តដែលតម្លៃបច្ចុប្បន្នគឺ 0,1260$/Kwh(៥១១៛) ដែលនឹងចុះដល់ 0,1220$/Kwh(៤៩៥៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ តម្លៃរក្សាដដែល៕
ប្រភព : www.propertyarea.asia