ភ្នំពេញ៖ ការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមហ៊ុន Vtrust Appraisal បានរកឃើញថា ចំនួនអាផាតម៉ិននៅកម្ពុជាបច្ចុប្បន្នមានចំនួន៩០២១យូនីត ប៉ុន្តែចំនួននេះនឹងកើន ឡើងលើសទ្វេរដងនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
លទ្ឋផលការសិក្សារបស់ក្រុមហ៊ុននេះ ដែលបាននិងកំពុងបង្ហាញនៅសណ្ឋាគារ Raffle Le Royal នាព្រឹកថ្ងៃទី១៨ ធ្នូនេះបានឲ្យដឹងថា ក្រុងភ្នំពេញមានអាផាតម៉ិនចំនួន៣៥៥គំរោង និងស្មើចំនួន៩០២៥យូនីត។ ការព្យាករណ៍របស់ក្រុមហ៊ុននេះបានឲ្យដឹងថា ចំនួនអាផាតម៉ិននឹងកើនដល់២៨០០០យូនីតនៅត្រឹមឆ្នាំ២០៣០ ជាការកើនឡើងក្នុងសេនារីយោធម្មតា បើពិនិត្យមើលពីចំនួននៃការផ្គត់ផ្គង់បច្ចុប្បន្ន។
នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Vtrust Appraisal លោក ហ៊ឹម សីហា បានមានប្រសាសន៍ក្នុងសេចក្តីប្រកាសព៌តមាន ដែលត្រូវបានចែកចាយដល់បណ្តាញអ្នកសារព៌តមាននាព្រឹកថ្ងៃទី១៨ ធ្នូនេះថា ការផ្គត់ផ្គង់អាផាតម៉ិនមានកំនើន១០ភាគរយប្រចាំឆ្នាំ ឬស្មើនឹង១៥៨០យូនីតប្រចាំឆ្នាំ ចាប់ពីពេលបច្ចុប្បន្នដល់ឆ្នាំ២០៣០ ។
ការសិក្សានេះបានរកឃើញថា ខ័ណ្ឌចំការមន មានចំនួនអាផាតម៉ិនច្រើនជាងគេ ដែលរហូតដល់២៣០គំរោង ស្មើនឹង៥៨២០យូនីត និងគ្របដណ្តប់៦៤ភាគរយនៃចំណែកផ្គត់ផ្គង់ទីផ្សារទាំងមូល។ ខ័ណ្ឌជាប់លំដាប់ទី២គឺខ័ណ្ឌទួលគោក ដែលអាផាតម៉ិននៅក្នុងខ័ណ្ឌនេះ គ្របដណ្តប់១៦ភាគរយនៃចំណែកទីផ្សារទាំងមូល និងខ័ណ្ឌ៧មករានិងខ័ណ្ឌដូនពេញ មានអាផាតម៉ិនចំនួន៦៣៥ និង៥៩០យូនីតរៀងៗគ្នា។ នៅក្នុងដំណាច់ត្រីមាសទី៤នេះ អាផាតម៉ិនចំនួន៧៦០០យូនីតត្រូវបានជួល ស្មើនឹងអត្រាគ្របដណ្តប់ការប្រើប្រាស់សរុប៨៤ភាគរយនៅទូទាំងរាជធានីភ្នំពេញ។
របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំណោមអាផាតម៉ិនទាំងនោះ អាផាតម៉ិន១បន្ទប់គេងមានការផ្គត់ផ្គង់ច្រើនជាងគេក្នុងទីផ្សារ ស្មើនឹង៥៥ភាគរយនៃអាផាតម៉ិនសរុប។ អាផាតម៉ិន២បន្ទប់គេងស្មើនឹង៣៤ភាគរយនៃចំណែកទីផ្សារសរុប៕
ប្រភព : www.propertyarea.asia