Register Already an agent ? Login

ក្រុមហ៊ុនកូរ៉េដែលជាប់គាំងមួយចំនួនបានចាប់ផ្តើមដំណើរការសាងសង់របស់ខ្លួនឡើងវិញហើយ

ភ្នំពេញ៖ មួយរយៈមុនព័ត៌មាននៃការជាប់គាំង និងពន្យារពេលសាងសង់របស់ក្រុមហ៊ុនកូរ៉េជាច្រើនបានធ្វើឱ្យមហាជនសម្តែងនូវការព្រួយបារម្ភ និងខកបំណងយ៉ាងខ្លាំងចំពោះបញ្ហាអស់ទាំងនោះ។

ទោះបីជាគម្រោងវិនិយោគអគារ Gold Tower42 បានជាប់គាំង និងធ្វើឲ្យប៉ះពាល់ទំនុកចិត្តមួយផ្នែកពីអតិថិជនក្តី ប៉ុន្តែគម្រោងអចលនទ្រព្យដែលវិនិយោគដោយជនជាតិកូរ៉េធំៗពីរទៀត គឺ BOOYOUNG TOWN និងគម្រោងទីក្រុងរណប CAMKO CITY មិននៅស្ងៀមដូចគម្រោង Gold Tower42 នោះទេ ព្រោះបច្ចុប្បន្ននេះគម្រោងអចលនទ្រព្យដ៏ធំ គឺ BOOYOUNG TOWN បាននិងកំពុងសាងសង់យ៉ាងសកម្ម និងត្រៀមបញ្ចប់គម្រោងរបស់ខ្លួនដំណាក់កាលទី១ នៅឆ្នាំ២០១៩ខាងមុខនេះ។

ថ្នាក់ដឹកនាំក្រុមហ៊ុន BOOYOUNG TOWN ប្រចាំកម្ពុជា មួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនបានបញ្ចប់ការជីកដី និងគ្រឹះនៃអគារចំនួន៤នៅក្នុងគម្រោងនេះចាប់តាំងពីខែធ្នូ ឆ្នាំមុន និងបាននិងកំពុងសាងសង់យ៉ាងសកម្មនាពេលនេះ គឺអគារខុនដូ និងផ្សារទំនើបកម្ពស់ ២៣ជាន់ចំនួន៤អគារដែលមានផ្ទះសរុបចំនួន ១ ៤៧៤ យូនីត។ គម្រោងដំណាក់កាលទី១នេះ គ្រោងចំណាយទឹកប្រាក់ ១៦០ លានដុល្លារអាមេរិកនៃគម្រោងវិនិយោគ ១ ០០០ លានដុល្លារអាមេរិកសម្រាប់គម្រោងនេះទាំងមូល។ ផ្សារទំនើបនៅក្នុងគម្រោងនេះមានចំនួន៣ជាន់ និងទំហំ ៤៧,០០០ ម៉ែត្រការ៉េ ដែលផ្សារទំនើបនេះផ្តោតលើសេវាកម្មចម្រុះទាំងហាងលក់ទំនិញមជ្ឈមណ្ឌលវប្បធម៌ ការកម្សាន្ត មន្ទីរពេទ្យ សាលារៀន និងហាងថែរក្សាសម្ឆស្សជាដើម។ គម្រោង BOOYOUNG TOWN នេះស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ គម្រោងនេះប្រៀបដូចជាទីក្រុងរណបមួយ ដែលមានផ្ទៃដីសរុបដល់ទៅ ២៣,៥ហិកតា។ 

គម្រោងការសាងសង់របស់​​Booyoung Town

ជាមួយគ្នានេះផងដែរ ទីក្រុងរណប CAMKOCITY ក៏បានចាប់ផ្តើមកម្រើកខ្លួនឡើងវិញផងដែរ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុន World CITY ដែលជាក្រុមហ៊ុនវិនិយោគ ទីក្រុងរណបដំបូងគេនៅក្រុងភ្នំពេញបានចាប់ផ្តើមសកម្មភាពជាថ្មី។ កាលពីខែមិថុនាពាក់កណ្តាលឆ្នាំនេះ ក្រុមហ៊ុនបានចាប់ផ្តើមសាងសង់បន្តអគារចំនួនពីរ ក្នុងចំណោមអគារខុនដូចំនួន ៧ ដែលមិនទាន់បានសាងសង់បញ្ចប់។ គម្រោងនេះនឹងគ្រោងបញ្ចប់អគារទាំងពីរនេះនៅខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ។ អគារចំនួនពីរនេះមានផ្ទះសរុបចំនួន ៧៩ យូនីត។ ក្នុងពេលជាមួយគ្នានេះក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយដៃគូផ្សេងទៀតនៅប្រទេសកូរ៉េ ដើម្បីចាប់ផ្តើមសាងសង់គម្រោង ផ្សេងៗទៀតក្នុងទីក្រុងរណបនេះ។

ការសាងសង់កន្លងមករបស់ ​Camko City

នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងថា គម្រោងវិនិយោគអ្វីមួយជាប់គាំង ឬមិនដំណើរការមិនមែនមកពីជន ជាតិណានោះទេ គឺគម្រោងវិនិយោគរបស់ជនជាតិណាក៏ដោយ ពេលមានបញ្ហាអ្វីមួយតែងតែពន្យា ពេលសាងសង់ជារឿងធម្មតា។ អ្វីដែលសំខាន់ គឺយុទ្ឋសាស្ត្ររបស់អ្នកវិនិយោគមានភាពខុសៗគ្នាអ្នកវិនិយោគខ្លះចូលមកទិញដីទុក អ្នកខ្លះចូលមកអភិវឌ្ឍន៍។ ដោយវាអាស្រ័យលើអ្នកវិនិយោគខ្លួនឯងថា មានប្រវត្តិបែបណា មានមូលធនថវិកាគ្រប់គ្រាន់ឬអត់ប៉ុណ្ណោះហើយការជាប់គាំងគម្រោង វាមិនមែនជាការធ្វើឲ្យបាត់ទំនុកចិត្តលើទីផ្សារនោះទេ៕

ប្រភព៖ Post Khmer