Register Already an agent ? Login

ផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុងចំនួន ១២ខ្សែ ប្រវែងសរុប ៩២,៩០គ.ម ខេត្តកំពង់ធំ បានបើកការដ្ឋានសាងសង់

កំពង់ធំ៖ ផ្លូវជនបទចំនួន ១២ខ្សែ ប្រវែងសរុប ៩២,៩0គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិចំនួន៥១ ឃុំចំនួន៩ ស្រុកចំនួន៤ ក្នុងខេត្តកំពង់ធំ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥។

ពិធីសម្ពោធបើការដ្ឋានផ្លូវចំនួន១២ខ្សែ លោក នួន ដាញិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) បានថ្លែងថា កម្មវិធី RID4CAM ទទួលបានថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិសហភាពអឺរ៉ុប (EU/AIF) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបទឹកប្រាក់ ១២០,៤៣លានអឺរ៉ូ (ឬប្រមាណ ១២៥លានដុល្លារ)។

លោក បានថ្លែងបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអនុវត្តគម្រោង ដើម្បីស្ថាបនាផ្លូវ DBST និងបេតុង សរុបប្រវែង ៥២៦,៦៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យមួយចំនួន និងប្រព័ន្ធចែកចាយទឹកតាមបណ្តាញទុយោសម្រាប់សហគមន៍ចំនួន ២កន្លែង នឹងត្រូវបានសាងសង់ឡើងវិញ នៅក្នុងខេត្តគោលដៅ ចំនួន៧ រួមមាន ខេត្តកំពង់ធំ សៀមរាប បាត់ដំបង ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រៃវែង ផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋចំនួន ៣១៧៣១គ្រួសារ។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លេងថា ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ក្រសួងបាននឹងកំពុងស្ថានាខ្សែផ្លូវជនបទប្រវែងជាង ៥ម៉ឺនគីឡូម៉ត្រ ឬប្រមាណ៧៤% នៃបណ្តញខ្សែផ្លូវទូទាំងប្រទេស ក្នុងនោះ ផ្លូវប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រើប្រាស់បានគ្រប់រដូវកាលមានប្រមាណ ១៥%ប៉ុណ្ណោះ។

លោករដ្ឋមន្រ្តី បានថ្លែងបន្តថា ដូច្នេះតាមរយៈការទទួលបាននូវផ្លូវប្រភេទកម្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង ព្រមទាំងសំណង់សិល្បការ្យ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់បានគ្រប់រដូវកាល ប្រវែង ៥២៦,៦៦គីឡូម៉ត្រ របស់កម្មវិធី RID4CAM នេះ ពិតជាមានសារសំខាន់ ជាសារវន្តសម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា និងជាសសៃឈាមសេដ្ឋកិច្ច និងសង្គមដ៏មានសក្តានុពល ក្នុងការធ្វើសមាហរណកម្មរវាងជនបទនិងទីក្រុង ការកាត់បន្ថយនូវការចំណាយលើថ្លៃដឹកជញ្ជូន ការកាត់បន្ថយពេលវេលាធ្វើដំណើរ ការកាត់បន្ថយការចំណាយជួសជុលយានយន្ត និងមានផាសុកភាព ក្នុងការធ្វើដំណើរ។

ថ្លែងក្នុងពិធីបើកការដ្ឋាន លោក វង្សី វិស្សុត បានមានប្រសាសន៍ថា ពិធីសម្ពោធបើកការដ្ឋាននាថ្ងៃនេះ គឺស្ថិតក្នុងបរិយាកាសដែលរាជរដ្ឋាភិបាលកំពុងបង្កើនការយកចិត្តទុកដាក់ និងធ្វើសកម្មភាពប្រកបដោយឆន្ទៈម៉ឺងម៉ាត់ និងហ្មត់ចត់ ក្នុងកិច្ចការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស ការបង្កើនល្បឿននៃសកម្មភាពការងារអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្តសហការគ្នាឱ្យបានល្អ ក្នុងការថែទាំឱ្យបានគង់វង្សនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលមានស្រាប់និងដែលកំពុងកសាងនេះ។

នាឱកាសនោះ លោក ក៏បានថ្លែងអំណរគុណចំពោះ សហភាពអឺរ៉ុប, រដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជានិច្ចកាលតែងតែផ្តល់នូវការគាំទ្រ សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀតនៅកម្ពុជា ព្រមទាំងបានស្នើសុំបន្តគាំទ្រ ឱ្យមានកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា ជំហានទី២ “RID4CAM Phase II” បន្តទៀត។

គូសបញ្ជាក់ថា ផ្លូវទាំង១២ខ្សែនេះនឹងបង្កើនការតភ្ជាប់ និងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដោយបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅប្រកបមុខរបរប្រចាំថ្ងៃ ការដឹកជញ្ជូនកសិផល ទៅទទួលសេវាសាធារណៈផ្សេងៗដូចជា រដ្ឋបាល និងសុខាភិបាល បង្កើនឱកាសការងារ ព្រមទាំងចំណេញពេលវេលា ថវិកា និងសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀនផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)