ភ្នំពេញ-សៀមរាប៖ ថ្មីៗនេះការវិនិយោគសណ្ឋាគារនៅក្នុងក្រុងភ្នំពេញបានកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅខេត្តសៀមរាបហាក់ដូចជាស្ងប់ស្ងាត់ក្នុងមួយរយៈពេលចុងក្រោយនេះ ដោយសណ្ឋាគារនៅទីក្រុងភ្នំពេញបាននឹងកំពុងបន្តកំណើន ប៉ុន្តែចំនួនសណ្ឋាគារនៅក្នុងខេត្តសៀមរាបបានស្ថិតក្នុងសភាពទ្រឹង ដោយសារនិន្នាការស្នាក់នៅរបស់ភ្ញៀវមានរយៈពេលខ្លីជាងមុន និងមានកំណើននៃភាពប្រកួតប្រជែងច្រើន។
គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះចំនួនសណ្ឋាគារនៅទីក្រុងភ្នំពេញ ចាប់ពីកម្រិតផ្កាយពីរឡើងមានកំណើនជិត២៣ភាគរយដោយចំនួនបន្ទប់សណ្ឋាគារបានកើនពី១៦,៦៣៨បន្ទប់ កាលពីឆ្នាំមុន ដល់១៩,៨៥៤បន្ទប់ នៅដំណាច់ឆមាសទី១ ឆ្នាំ២០១៧នេះ ដោយចំនួនសណ្ឋាគារបានកើនពី៣៥៥ ដល់៤៣៧សណ្ឋាគារ ក្នុងនោះសណ្ឋាគារផ្កាយ៣ មានចំនួន៧០០៩បន្ទប់ ស្មើនឹងចំនួន១៩៤អគារ សណ្ឋាគារផ្កាយ៤ មានចំនួន ៦១៥៩បន្ទប់ ស្មើនឹង១២១អគារ និងសណ្ឋាគារផ្កាយ៥ មានចំនួន២៨៣០បន្ទប់ ស្មើនឹង១២អគារ។
ចំណែកស្ថានភាពសណ្ឋាគារនៅខេត្តសៀមរាបវិញ សណ្ឋាគារផ្កាយបីបានកើនឡើងពី៥,៩៨៧បន្ទប់ កាលពីឆ្នាំមុនដល់ ៦,៧០៩បន្ទប់ នៅឆ្នាំ២០១៧នេះសណ្ឋាគារកម្រិតផ្កាយ៤ បានកើនពី៨,១៣២បន្ទប់ ដល់៨,៩៦២បន្ទប់នៅឆ្នាំនេះ ប៉ុន្តែសណ្ឋាគារកម្រិតផ្កាយ៥ បានថយចុះនូវចំនួនបន្ទប់ដែលកាលពីឆ្នាំមុនមានចំនួន ៦,៦៩៩បន្ទប់ ធ្លាក់មកនៅត្រឹម ៦,១៣១បន្ទប់នៅដំណាច់ឆមាសទី១ឆ្នាំនេះ។
ការថមថយនូវចំនួនបន្ទប់កម្រិតផ្កាយ៥នេះ មួយផ្នែកដោយសារការផ្អាកនូវដំណើរការសណ្ឋាគារមួយចំនួន និងសណ្ឋាគារមួយចំនួនទំនងជាបានបញ្ចុះកម្រិតផ្កាយរបស់ពួកគេ។ ទោះជាយ៉ាងណាចំនួនបន្ទប់សណ្ឋាគារនៅខេត្តដែលល្បីឈ្មោះក្នុងវិស័យទេសចរណ៍នេះបានសម្រេចកំណើនប្រមាណ៥ភាគរយផងដែរ បើគិតជាតួលេខទូទៅ។
គួរឱ្យដឹងផងដែរថាចំនួនសណ្ឋាគារនៅរាជធានីភ្នំពេញ មានការកើនឡើងច្រើនធៀប នឹងខេត្តសៀមរាប ដោយយើងឃើញថា នៅរាជធានីភ្នំពេញ មានចំនួនសណ្ឋាគារថ្មីៗ កាន់តែច្រើនមានភ្ញៀវចម្រុះ ទាំងភ្ញៀវទេសចរ និងអ្នកជំនួញ និងប្រតិភូ នានា។ ទោះជាយ៉ាងណា យើងសង្កេតឃើញថា អ្នកវិនិយោគសាងសង់សណ្ឋាគារភាគច្រើននៅកម្ពុជា ជាអ្នកវិនិយោគក្នុងស្រុក។ ម្យ៉ាងវិញទៀតការមកដល់នៃភ្ញៀវទេសចរកើនឡើង ហើយការផ្គត់ផ្គង់សណ្ឋាគារថ្មីៗពិតជាបានកើនឡើងខ្ពស់ផងដែរ ដែលធ្វើឲ្យកម្រិតប្រកួតប្រជែងក្នុងវិស័យនេះកើនឡើងខ្លាំង និងបានធ្វើឲ្យសណ្ឋាគារតូចៗមួយចំនួន នៅខេត្តសៀមរាប និងរាជធានីភ្នំពេញបានបិទទ្វារទៅវិញដោយសារអ្នកអភិជនមួយចំនួនដែលបានសាងសង់សណ្ឋាគារ បានលក់បញ្ចុះតម្លៃបន្ទប់របស់ពួកគេដែលធ្វើឲ្យការប្រកួតប្រជែងគ្មានតម្លាភាព។ ហើយការប្រកួតប្រជែងគ្មានតម្លាភាព ការលក់បន្ទប់បញ្ចុះតម្លៃដើម្បីទទួលបានភ្ញៀវស្នាក់នៅ បានក្លាយជាបញ្ហាប្រឈមធំមួយដែលស្ថាប័នពាក់ព័ន្ធគួរយកចិត្តទុកដាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថា ការកើនឡើងនូវភ្ញៀវទេសចរ ក៏មានបញ្ហាប្រឈមថ្មីកើនឡើងផងដែរ ពិសេសនៅតំបន់ឆ្នេរដែលទាមទារឲ្យមានការសិក្សា និងរៀបចំផែនការច្បាស់លាស់ ទើបការអភិវឌ្ឍនៅតំបន់ឆ្នេរជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕
ប្រភព៖ Post Khmer