Register Already an agent ? Login

គម្រោងស្ពានអរិយក្សត្រស្ថិតក្នុងភាពស្រពេចស្រពិល

គម្រោងស្ពានអរិយក្សត្រដែលជាក្តីសង្ឃឹមនៃប្រជាពលរដ្ឋរស់នៅតំបន់អរិយក្សត្រ និងតំបន់ស្វាយជ្រុំ គំពុងតែស្ថិតនៅក្នុងភាពមិនប្រាកដប្រជា និងមិនទាន់កំណត់ពេលសាងសង់ជាក់លាក់នៅឡើយទេ ហើយវាធ្វើឱ្យក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ កាន់តែចំណាយពេលរង់ចាំយូរតទៅទៀតដោយមិនអាចកំណត់បាន។

អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឱ្យដឹងផងដែរថា ក្រុមហ៊ុនចិនកំពុងសិក្សាពីទីតាំងសម្រាប់សាងសង់ស្ពាននេះ ប៉ុន្តែការកំណត់សាងសង់ជាផ្លូវការនៅពេលណាមិនទាន់កំណត់ជាក់លាក់នោះទេ ប៉ុន្តែវាជាគម្រោងនាពេលអនាគតដែលត្រូវតែសាងសង់ ព្រោះគម្រោងនេះមិនទាន់ស្ថិតនៅក្នុងផែនការជាក់លាក់ ឬដាក់ចូលផែនការរបស់ក្រសួងថានឹងសាងសង់នៅពេលណានោះទេព្រោះយើងរង់ចាំជំនួយរបស់ប្រទេសចិន។

ការប្រកាសពីការសាងសង់ស្ពានទៅកាន់តំបន់នោះនាពេលកន្លងមកបានធ្វើឲ្យតម្លៃដីនៅតំបន់ទាំងនោះកញ្ជ្រោលឡើងថ្លៃយ៉ាងខ្លាំងហើយអ្នកវិនិយោគក្នុងស្រុកមួយចំនួនបានសាងសង់បុរីមួយចំនួននៅតំបន់នោះរួចមកហើយ ដោយក្នុងតំបន់នោះតម្លៃដីធ្លីបានហក់ឡើងយ៉ាងខ្ពស់ដោយអ្នកលក់ លក់ជាមួយតម្លៃដែលមានស្ពានដែលធ្វើឲ្យដីធ្លីនៅតាមផ្លូវមុខធំៗមានតម្លៃចន្លោះពី ២០០ ទៅ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការប្រកាសសាងសង់ស្ពានបានធ្វើឲ្យតម្លៃដីធ្លីនៅតំបន់អរិយក្សត្រ និងតំបន់ស្វាយជ្រុំមានការប្រែប្រួលយ៉ាងខ្លាំង ប៉ុន្តែប្រសិនជាស្ពានពន្យារពេលសាងសង់ តម្លៃអចលនទ្រព្យនៅតំបន់នោះក៏ទ្រុឌទ្រោមទៅតាមនោះផងដែរ។

ដូច្នេះប្រសិនជាស្ពានសាងសង់កាន់តែឆាប់កាន់តែល្អព្រោះវានឹងធ្វើឲ្យតំបន់នោះមានការអភិវឌ្ឍកាន់តែលឿនព្រោះគម្រោងមួយចំនួនដែលវិនិយោគនៅតំបន់នោះគឺរំពឹងពីការសាងសង់ស្ពានរបស់រដ្ឋាភិបាល៕

ប្រភព៖ Post Khmer