Register Already an agent ? Login

ទីក្រុងវៀងចន្ទប្រទេសឡាវកំពុងតែរីកដុះដាលក្នុងវិស័យសំណង់

ឡាវ៖ លោក HoumphanSaiyalath នាយកគ្រប់គ្រងផ្នែកអចលនទ្រព្យ មួយនៅក្នុងទីក្រុងវៀងចន្ទប្រទេសឡាវបានឱ្យដឹងថា៖ មានការផ្លាស់ប្តូរច្រើននៅក្នុងទីក្រុងមួយនេះ ដែលភាគច្រើនជាចំណុចវិជ្ជមាន នោះដោយសារតែមានការវិនិយោគជាច្រើនពីក្រៅប្រទេស បានធ្វើឱ្យជីវភាពរបស់ប្រជាជននៅក្នុងតំបន់មានភាពកាន់តែល្អប្រសើរឡើង ហើយនេះក៏ជាអ្វីដែលរដ្ឋាភិបាលកំពុងតែចង់បាន ដោយមានការចូលរួមចំណែកធ្វើឱ្យមានការរីកចម្រើនក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។

ទោះបីជាយ៉ាងណាតម្លៃអចលនទ្រព្យនៅក្នុងប្រទេសឡាវនៅមានកម្រិតទាបនៅឡើយ ដោយតម្លៃ Apartment នៅទីក្រុងវៀងចន្ទមានតម្លៃត្រឹមតែ 1.000 ទៅ 4.000 ដុល្លារក្នុងមួយម៉ែត្រការ៉េបុណ្ណោះក្នុងឆ្នាំ 2016 គឺវាមានតម្លៃទាបជាងទីក្រុងយ៉ាំងហ្គោន ហូជីមិញ និងហាណូយទៅទៀត។ បើទោះជាច្បាប់នៅក្នុងប្រទេសមួយនេះចែងថា ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យមានកម្មសិទ្ធកាន់កាប់ដីផ្ទាល់ខ្លួននៅក្នុងប្រទេសឡាវក៏ដោយ តែចំនួនវិនិយោគិនបរទេសមកពីប្រទេស ចិន វៀតណាម និងថៃនៅតែបន្តកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

យោងតាមម្ចាស់ក្រុមហ៊ុនអចលទ្រព្យមួយបានបញ្ជាក់ប្រាប់ថា អតិថិជនទាំងអស់របស់លោកដែលជាជនជាតិដើមឡាវមានត្រឹមតែ 40% តែប៉ុណ្ណោះ ហើយចំនួនដែលនៅសល់សុទ្ធតែជាអតិថិជនបរទេសទាំងអស់។

នៅក្នុងពេលបច្ចុប្បន្ននេះទីក្រុងវៀងចន្ទន៍មានតំបន់សេដ្ឋកិច្ចចំនួន 12 ហើយកំពុងតែទទួលបានការគាំទ្រ និងលើកទឹកចិត្តឱ្យមានការសាងសង់ជាសំណង់អគារផ្សេងៗ។ នោះក៏ដោយសារតែក្នុងពេលនេះកំពុងតែមានកំណើនសេដ្ឋកិច្ចដ៏យូរអង្វែងមួយកំពុងតែរីកដុះដាលនៅក្នុងប្រទេសនេះ និងដោយការតែមានការកើនឡើងនៃការវិនិយោគពីបរទេសផងដែរ។ ហើយការស្ថាបនាភាគច្រើនសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចដែលត្រូវបានណែនាំដោយរដ្ឋាភិបាលចាប់តាំងពីឆ្នាំ 2003 មកដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស។

តម្រូវការអចលនទ្រព្យនៅក្នុងប្រទេសឡាវ ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត ស្របពេលកំណើនសេដ្ឋកិច្ចនឹងរឹងមាំឡើងក្នុងពេលខាងមុខផងដែរ នោះក៏ដោយសារតែលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសដោយផ្ទាល់ ។ ម្យ៉ាងវិញទៀត ការសាងសង់ផ្លូវដែកល្បឿនលឿនដំបូងគេភ្ជាប់ពីទីក្រុងវៀងចន្ទន៍ទៅខេត្តយូណាននៃប្រទេសចិន ត្រូវបានគេរំពឹងថានឹងជំរុញទីផ្សារអចលនទ្រព្យនិងសេដ្ឋកិច្ចទាំងមូលបានយ៉ាងល្អប្រសើរ។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវជាមធ្យមមានចំនួន 7,3% ក្នុងមួយឆ្នាំចាប់ពីឆ្នាំ 2000 ដល់ឆ្នាំ 2016 ដែលធ្វើឱ្យប្រទេសឡាវបានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងតំបន់។ សេដ្ឋកិច្ចប្រទេសមួយនេះត្រូវបានគេរំពឹងថានឹងកើនឡើង 6,8 ភាគរយនៅឆ្នាំនេះនិង 6,7 ភាគរយក្នុងឆ្នាំ 2018 ៕

ប្រភព៖ globalpropertyguide