សៀមរាប៖ ព័ត៌មានដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនចំពោះគម្រោងសាងសង់ព្រលានយន្តហោះថ្មី ដែលគ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់ ៩០០ លានដុល្លារ និងមានទីតាំងក្នុងខេត្តសៀមរាបនោះ គឺមិនទាន់មានការកំណត់កាលបរិច្ឆេទនៃការចាប់ផ្តើមដំណើរការសាងសង់ច្បាស់លាស់នៅឡើយទេ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា បានឱ្យដឹងថា៖ រហូតមកទល់ពេលនេះមិនទាន់មានការកំណត់ពេលវេលាច្បាស់លាស់ថា ការសាងសង់នឹងចាប់ផ្តើមនៅពេលណាទេ ហើយលោកក៏មិនអាចនិយាយអ្វីបានច្រើនលើសពីក្របខ័ណ្ឌជាក់ស្តែងនោះដែរ ព្រោះការចរចារវាងរដ្ឋាភិបាល និងអ្នកវិនិយោគបារាំង ដែលបានវិនិយោគលើព្រលានយន្តហោះកម្ពុជា (SCA) មិនទាន់មានលទ្ឋផលបែបណានៅឡើយទេ។ ប្រសិនជាលទ្ឋផលចរចាដំណើរការល្អប្រសើរ ការសាងសង់ព្រលានយន្តហោះនេះអាចចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះ ព្រោះរហូតមកទល់ពេលនេះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងក្រុមហ៊ុនចិនដែលវិនិយោគព្រលានយន្តហោះនេះបានបញ្ចប់ហើយ។ នាពេលនេះក្រុមហ៊ុនដែលបានទទួលសិទ្ធិពីរដ្ឋាភិបាល ដើម្បីវិនិយោគលើព្រលានយន្តហោះនេះបានចាប់ផ្តើមឈូសឆាយដី ពង្រាប និងដោះមីននៅលើទីតាំងត្រូវសាងសង់នោះហើយ។
ព្រលានយន្តហោះនេះ មានទីតាំងស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ស្ថិតនៅលើផ្ទៃដីប្រមាណ ៧៥០ ហិកតា។ ក្រុមហ៊ុន YUNAN Development Group ជាអ្នកទទួលបានសិទ្ឋិវិនិយោគលើព្រលានលំដាប់អន្តរជាតិនេះ។ តាមផែនការព្រលានយន្តហោះនេះ នឹងសាងសង់ជាពីរដំណាក់កាលដោយដំណាក់កាលទី១ គ្រោងចំណាយថវិកា ៥០០ លានដុល្លារ ដែលអាចចុះចតយន្តហោះខ្នាតមធ្យម នឹងសម្រាប់ការយន្តហោះខ្នាត 4E និងដំណាក់កាលទី ២ ទើបអាចចុះចតយន្តហោះខ្នាតយក្សបាន ដំណាក់កាលចុងក្រោយនេះ គ្រោងចំណាយថវិកាជាង ៣០០ លានដុល្លារបន្ថែមទៀត។ ចំពោះការសាងសង់ព្រលានយន្តហោះនេះអាចចំណាយពេលពី៣ ទៅ៥ឆ្នាំ ដើម្បីបញ្ចប់ទាំងដំណាក់កាលទី ១ និងដំណាក់កាលទី២។
មហាជនទាំងអស់ជឿជាក់ថា ព្រលានយន្តហោះថ្មីនេះ ប្រាកដជាទាក់ទាញអ្នកទេសចរបានច្រើនជាងមុន និងអាចចុះចតយន្តហោះខ្នាតយក្ស ហើយព្រលានយន្តហោះនេះក៏មិនធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃបណ្តាសំណង់បេតិកភណ្ឌបុរាណ។ ក្រៅពីនេះព្រលានយន្តហោះនេះ ក៏នឹងអាចបង្កើតការងារដល់អ្នកផ្តល់សេវាកម្ម ដឹកជញ្ជូនបានកាន់តែច្រើនផងដែរ ព្រោះព្រលានយន្តហោះនេះស្ថិតនៅឆ្ងាយពីក្រុងសៀមរាប៕
ប្រភព៖ Post Khmer