អាមេរិច៖ មានព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានលេចឡើងថា ផ្ទះកាលពីវ័យកុមារភាពរបស់ប្រធានាធិបតីពេលបច្ចុប្បន្ន Donald J. Trump ត្រូវបានគេដាក់ជួលក្នុងតម្លៃមួយដែលស្មានមិនដល់។ ផ្ទះដែលមានរចនាប័ទ្ម Tudor ក្នុងឆ្នាំ 1940 នេះស្ថិតនៅក្នុងតំបន់ Queens កំពុងត្រូវបានគេដាក់ឱ្យជួលស្នាក់នៅក្នុងតម្លៃដល់ទៅ 725 ដុល្លារក្នុងមួយយប់ ។ ផ្ទះនេះមានបន្ទប់គេង ៥ និងបន្ទប់ទឹក ៥ ហើយអាចគេងបានរហូតដល់ទៅ 20 នាក់ ។
គួរបញ្ជាក់ផងដែរថា អតីតផ្ទះរបស់ប្រធានាធិបតី Trump ដ៏សម្បូរបែបនេះ បានដាក់លក់ក្នុងខែសីហា កាលពីឆ្នាំ ២០១៦ ជាមួយតម្លៃ 1,55 លានដុល្លារសហរដ្ឋអាមេរិច។ ក្រោយមកបានលក់ទៅឱ្យវិនិយោគិនអាថ៌កំបាំងម្នាក់ដែលជាអ្នកជំនួញអចលនទ្រព្យ Michael Davis មកពីក្រុមហ៊ុន Wareham Holdings LLC ក្នុងខែធ្នូក្នុងតម្លៃ 1,39 លានដុល្លារ។ ហើយក្រោយនោះមិនប៉ុន្មាន ផ្ទះនោះត្រូវបានត្រឡប់ទៅលក់ដេញថ្លៃក្នុងតម្លៃ 2,14 លានដុល្លារទៅឱ្យអ្នកទិញដែលមិនស្គាល់អត្តសញ្ញាណម្នាក់កាលពីខែមីនា ឆ្នាំ ២០១៧ កន្លងទៅ ដោយទទួលបានប្រាក់ចំណេញ 75.000 ដុល្លារ ៕
ប្រភព៖ The New York Times