ភ្នំពេញ៖ កាលពីពេលថ្មីៗនេះបានរកឃើញថាគិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំនេះផ្សារទំនើបនៅទីក្រុងភ្នំពេញមានចំនួន ៣៩ ក្នុងនោះ ៣១ បានបញ្ចប់គម្រោងរបស់ខ្លួន និងដាក់ឲ្យដំណើរការ និងមានទំហំសរុបចំនួនជាង ១,១ លានម៉ែត្រការ៉េ ក្នុងនោះផ្សារទំនើបលំដាប់ A មានទំហំជាង ៨០ ម៉ឺនម៉ែត្រការ៉េ ផ្សារទំនើបកម្រិត B មានទំហំជាង ២៤ ម៉ឺនម៉ែត្រការ៉េ និងផ្សារទំនើបកម្រិត C មានទំហំ ៧៥៦០១ ម៉ែត្រការ៉េ។
អត្រាប្រើប្រាស់ផ្សារទំនើបបានកើនឡើងចន្លោះពី ២០ ទៅ ៣០ ភាគរយក្នុងឆមាសទី ១ ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងតម្លៃជួលមានការប្រែប្រួលតិចតួចប៉ុណ្ណោះដោយតម្លៃជួលផ្សារកម្រិត A មានតម្លៃចន្លោះ ៣៥ ទៅ ៤០ ដុល្លារកម្រិត B មានតម្លៃចន្លោះពី ២៥ ទៅ ៣០ ដុល្លារ និងកម្រិត C មានតម្លៃចន្លោះពី ១២ ទៅ ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
កំណើននៃការកើនឡើងនូវវត្តមានផ្សារទំនើបនេះបានធ្វើឲ្យប៉ះពាល់ដល់ការលក់រាយនៅតាមផ្សារប្រពៃណីក្នុងស្រុកនានាផងដែរដូចជាផ្សារអូឡាំពិក អូរឬស្សី ផ្សារធំថ្មី និងផ្សារទួលទំពូងជាដើម។ ការធ្លាក់ចុះនៃការលក់របស់ទីផ្សាទាំងនោះលក់ដោយសារក្រុមហ៊ុនធំៗរបស់ថៃ និងក្រុមហ៊ុនដទៃទៀតបានពង្រីកការលក់ផលិតផលរបស់ពួកគេដល់តាមបណ្តាស្រុកនៅតាមខេត្តនានាដែលធ្វើឲ្យចំនួនអ្នកមកទិញទំនិញនៅក្រុងភ្នំពេញបានធ្លាក់ចុះផងដែរ។
នៅឆ្នាំ ២០១៨ ខាងមុខនេះផ្សារទំនើបធំៗជាច្រើនទៀតនឹងបើកដំណើរការ ដូចជាផ្សារ Parkson Mall, AEON Mall2, Olympia Plaza, MaKro និង្សារទំនើបក្នុងគម្រោង The Bridge ជាដើម ហើយការកើនឡើងនូវវត្តមានផ្សារទំនើបទាំងនេះបាននិងកំពុងធ្វើឲ្យផ្សារតូចៗដូចជា ផ្សារសុវណ្ណា រតនាផ្លាហ្សា CITY Mall និងផ្សារមួយចំនួនទៀតប្រឈមមុខនឹងការបាត់បង់អតិថិជន។ តម្រូវការផ្សារទំនើបកើនឡើងដោយសារការមកដល់នូវផលិតផលល្បីៗ ប៉ុន្តែកម្លាំងទិញនៅតាមផ្សារទំនើបមិនមានការប្រែប្រួលជាដុំនោះទេ។ ការកើនឡើងនូវផ្សារទំនើបកាន់តែច្រើន ក៏មានការព្រួយបារម្ភផងដែរដោយសារការផ្គត់ផ្គង់ហាក់លើសតម្រូវការធៀបនឹងកម្លាំងនៃការទិញរបស់ប្រជាជនក្នុងស្រុកផងដែរ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថាទំហំផ្សារទំនើបនៅកម្ពុជាធៀបនឹងមនុស្សម្នាក់មានទំហំ ០,១ ម៉ែត្រការ៉េ ខណៈប្រទេសថៃមានទំហំ ០,៤ ម៉ែត្រការ៉េធៀបនឹងមនុស្សម្នាក់ដូចគ្នា។
ប្រភព៖ Post Khmer