Register Already an agent ? Login

អាណាចក្រអង្គរមជ្ឈមណ្ឌលកម្សាន្តបែបវប្បធម៌ និងប្រវត្តិសាស្ត្រនឹងបញ្ចប់ការសាងសង់ឆាប់ៗនេះហើយ

សៀមរាប៖ អាណាចក្រអង្គរ គឺជាគម្រោងមជ្ឈមណ្ឌលទស្សនាចរណ៍កម្សាន្តតាមបែបវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលស្ថាបនានៅលើផ្ទៃដីជាងមួយហិកតានៅតាមផ្លូវទៅអង្គរវត្ត ជាទីកន្លែងកម្សាន្តចម្រុះគ្នាដែលមានទីកន្លែងលក់ចំណី ម្ហូបអាហារដ៏ធំ និងសួនទឹកជាដើម។

គម្រោងដ៏ធំដែលនឹងចំណាយរហូតជិត ៣០ លានដុល្លារ រួមទាំងការវិនិយោគទិញដីផងដែរ ត្រូវបានវិនិយោគរួមគ្នាដោយក្រុមហ៊ុន Mega Asset Management Co., Ltd. និងសហគ្រាសឧស្សាហកម្ម និងវប្បធម៌ដ៏ល្បីល្បាញរបស់ប្រទេសចិនឈ្មោះ MeiYi ផងដែរ។ មជ្ឈមណ្ឌលកម្សាន្តថ្មីនេះ គឺជាគម្រោងដែលស្ថិតនៅលើទីតាំងដ៏ធំមួយ ដើម្បីបង្ហាញពីដំណាក់កាលនៃវិវឌ្ឍន៍នៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា និងវប្បធម៌ ដ៏សម្បូរបែបដោយមានការរួមបញ្ចូលគ្នានៃការសម្តែងសិល្បៈតំបន់ពាណិជ្ជកម្ម ទីកន្លែងកម្សាន្ត មជ្ឈមណ្ឌលភោជនាហារ និងមុខជំនួញផ្សេងៗទៀត ដែលប្រកបដោយបរិយាកាសរីករាយ។

ខណៈពេលដែលចំនួនភ្ញៀវទេសចរប្រចាំឆ្នាំនៃខេត្តសៀមរាប មានការកើនឡើងជាប្រចាំនឹងមានចំនួនលើសពីមួយលាននាក់អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងថ្មីនេះនឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍កម្សាន្តដ៏ល្បីមួយសម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោក។ មជ្ឈមណ្ឌលអាជីវកម្មចម្រុះមួយនេះ អាចផ្តល់ជម្រើសជាច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរ ជាមួយបរិយាកាសស្រស់ស្រាយនៅលើទឹកដីប្រវិត្តសាស្ត្រមួយនេះហើយនៅក្នុងគម្រោងនេះនឹងមានសាលពិព័រណ៍តាមលក្ខណៈប្រវត្តិសាស្ត្រ ឧទ្យានទឹកដ៏ធំ មជ្ឈមណ្ឌលភោជនីយដ្ឋានមានម្ហូបប្រពៃណីខ្មែរ និងបរទេសនៅលើដីទំហំជាងកន្លះហិកតា។

នៅតាមទីតាំងព័ទ្ធជុំវិញរបស់គម្រោងនេះ មានបរិយាកាសល្អ មានសណ្ឋាគារផ្កាយប្រាំមានទីតាំងនៅក្បែរនោះ ហើយថែមទាំងជាកន្លែងប្រមូលផ្តុំអ្នកទេសចរនាពេលល្ងាចៗ និងពេលយប់ផងដែរ។ ទីតាំងនេះមានអំណោយផលច្រើន និងមានសក្តានុពលច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។

អាណាចក្រអង្គរមានទីតាំងស្ថិតនៅលើមហាវិថី Charles de Gaulle ក្នុងទីក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានចម្ងាយត្រឹមតែ ៥ គីឡូម៉ែត្រប៉ុណ្ណោះពីប្រាសាទអង្គរវត្ត។ មជ្ឈមណ្ឌលនេះបានចាប់ផ្តើមការសាងសង់ កាលពីឆ្នាំ ២០១៦ ហើយត្រៀមនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅខែសីហា ឆ្នាំ ២០១៧ ខាងមុខនេះ៕

ប្រភព៖ Post News