ភ្នំពេញ៖ នៅក្នុងពេលបច្ចុប្បន្ននេះ មានប្រភេទផ្សារទំនើប និងផ្សារាត្រីនានាជាច្រើនបានកំពុងកកើតឡើងរីកដូចផ្សិត ប៉ុន្តែក្នុងចំណោមផ្សារទាំងអស់នោះ យើងសង្កេតឃើញថា ប្រភេទផ្សារដែលសាងសង់ និងឌីហ្សាញពីកុងតឺន័រ ជាប្រភេទផ្សារដែលពេញនិយម និងមានស្តង់ដារបច្ចេកវិទ្យាខ្ពស់ក្លាយទៅជាតម្រូវការរបស់អតិថិជនកម្ពុជាជាងគេ។
សំណង់ផ្សារកុងតឺន័រជាច្រើនបានលេចរូបរាងក្នុងប្រទេសកម្ពុជា ដែលការតុបតែងរបស់ហាងកុងតឺន័រនីមួយៗមានរូបសណ្ឋាន និងរចនាបទកែច្នៃផ្សេងៗគ្នា។ ក្នុងពេលឆាប់ៗនេះនៅភ្នំពេញ នឹងមានផ្សារកុងតឺន័រមួយថ្មីទៀត ឈ្មោះ Art’s Container Market ដែលសាងសង់លើដីតំបន់ទឹកដីបឹងកក់។
Art’s Container Market នឹងមានការផ្គត់ផ្គង់តែសេវាកម្មភោជនាហារ និងភេសជ្ជៈ ដោយមិនមានការលក់សម្លៀក បំពាក់ ឬសម្ភារប្រើប្រាស់ដូចផ្សាររាត្រីដទៃឡើយ។សំណង់ផ្សារកុងតឺន័រជិត ៨០ តូប ដែលស្ថិតក្នុងផ្ទៃដីជិត៣ពាន់ម៉ែត្រការ៉េ បានធ្វើការឌីហ្សាញជាលក្ខណៈស្តង់ដារថ្មី ដោយផ្តោតសំខាន់ទៅលើទម្រង់សិល្បៈ ដែលកំពុងពេញនិយមសម្រាប់ប្រជាជនកម្ពុជា។
Art’s Container Market ជាហាងដែលតុបតែង ឌីហ្សាញជាលក្ខណៈសិល្បៈ និងមានការប្រគុំតន្ត្រីពីក្រុមអ្នកចម្រៀងនិពន្ធដោយខ្លួនឯង អាចនឹងទាក់ទាញអតិថិជនឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយទីតាំងហាងក្នុងតំបន់នេះជាតំបន់ទីប្រជុំជន នៅចំកណ្តាលរាជធានីភ្នំពេញ ហើយផ្សារកុងតឺន័រនេះមានលក្ខណៈខុសពីផ្សាររាត្រីផ្សេងៗ ដែលមានលក់ចម្រុះច្រើនមុខ។
ផ្សារ Art’s Container Market ដែលមានទីតាំងនៅសង្កាត់បឹងកក់ នឹងចាប់ផ្តើមបើកលក់នៅថ្ងៃទី៥ ខែសីហា ខាងមុខ នេះ គឺចាប់ពីម៉ោង ៤ល្ងាចរហូតទល់ភ្លឺ៕
ប្រភព៖ Post Khmer