ភ្នំពេញ៖ បច្ចុប្បន្ននៅកម្ពុជាមានសំណង់ផ្សារទំនើបជាច្រើនដែលបានបង្កើតឡើងព្រមៗគ្នា ឆ្លើយតបនឹងការចង់បាន និងការពេញនិយម សម្រាប់ប្រជាជនកម្ពុជាក្នុងការដើរកម្សាន្ត និងទិញទំនិញផ្សេងៗ ។ ក្នុងនោះដែរមានផ្សារទំនើបមួយកន្លែងដែលនឹងលេចរូបរាងឡើងនៅតំបន់ចាក់អង្រែក្រោមក្នុងពេលឆាប់ៗនេះ ដោយស្ថិតនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ (មហាវិថីសម្តេច ហ៊ុន សែន)។ ការសាងសង់នឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ និងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៩។
ផ្សារទំនើបថ្មីមួយនេះគឺជាផ្នែកមួយនៃគម្រោងបុរីប៉េងហួត The Star Diamond ដោយមានការរចនាតុបតែងបែបធម្មជាតិបៃតងឈ្មោះថា Diamond Plaza ហើយផ្សារនេះគ្របដណ្ដប់លើផ្ទៃដី ២,៤០ ហិកតានៃគម្រោងផ្ទៃដីសរុបចំនួន ៣០ ហិកតា។ ចំពោះគម្រោងមួយនេះ មានការគូសប្លង់ ឌីហ្សាញម៉ូដដោយស្ថាបត្យករក្នុងស្រុក និងការសហការរចនាម៉ូតរវាងអ្នករចនាខ្មែរ និងក្រុមហ៊ុនដ៏ល្បីរបស់ប្រទេសសិង្ហបុរី ។ ផ្សារទំនើបមួយនេះនឹងសាងសង់ឡើងតាមលក្ខណៈបច្ចេកទេសទំនើបអមដោយសួនធម្មជាតិស្រស់បំព្រងទាំងក្នុង និងខាងក្រៅដែលមិនធ្លាប់មានផ្សារទំនើបណាមួយរៀបចំបែបនេះឡើយនៅកម្ពុជា។
ផ្សារទំនើបដ៏ធំទូលាយមួយនេះមានកម្ពស់ ២ ជាន់ប្រមូលផ្តុំទៅដោយហាងទំនិញជាច្រើនប្រភេទ រោងកុន សាលតាំងពិព័រណ៍ អាហារដ្ឋាន និងមជ្ឈមណ្ឌលកម្សាន្តផ្សេងៗដ៏សម្បូរបែប។ ដោយនៅជាន់ខាងលើបង្អស់នៃផ្សារនឹងមានភោជនីយដ្ឋានបើកចំហសម្រាប់អង្គុយលម្ហែកាយ ស្រូបខ្យល់បរិសុទ្ធ គយគន់សួនធម្មជាតិពណ៌បៃតងខ្ចី និងទឹកជ្រោះសិប្បនិម្មិតយ៉ាងត្រជាក់ភ្នែកដែលធានាបន្ធូរភាពតានតឹង និងផ្តល់អារម្មណ៍ស្រស់ស្រាយដល់អតិថិជនដូចកំពុងស្ថិតនៅក្នុងព្រៃធម្មជាតិដ៏សែនមនោរម្យ៕
ប្រភព៖ Post Khmer