ក្រុងតៃប៉ិ៖ អគារដែលខ្ពស់ជាងគេនៅលើពិភពលោកមានកម្ពស់ ១០១ ជាន់បានស្ថិតនៅក្នុងទីក្រុងតៃវ៉ាន់អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ អគារមួយនេះ គឺជាការវិនិយោគដ៏ប្រថុយប្រថានមួយដោយសាងសង់ក្នុងកម្ពស់រហូតដល់ទៅ ១,៦៦៦.៧ ហ្វីត ហើយស្ថិតនៅក្នុងតំបន់ដែលមានសំណង់ខ្ពស់ៗតិចបំផុតមួយក្នុងតំបន់ Xinyi ។
ដប់បីឆ្នាំក្រោយមក Xinyi បានក្លាយជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុ អាជីវកម្ម ការិយាល័យធ្វើការ និងហាងលក់ទំនិញនៅក្រុងតៃប៉ិ។ ហើយដោយសារតែភាពជោគជ័យរបស់អគារតៃប៉ិ ១០១ នេះហើយ បានជាមានការទាក់ទាញអគារខ្ពស់ៗផ្សេងទៀត សាងសង់ឡើងនៅតំបន់ក្បែរៗនេះផងដែរ ដែលនេះធ្វើឱ្យមានការផ្លាស់ប្តូរមុខមាត់ទីក្រុងដែលត្រូវគេស្គាល់ថាធ្លាប់សម្បូរតែអគារទាបៗ។
អគារថ្មីដំបូងបង្អស់ក្នុងចំណោមនោះមាន ៤៨ ជាន់ និងកម្ពស់ ៨៩២ ហ្វីត ឈ្មោះថា Nan Shan Plaza គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ តែអគារនេះ និងអគារដែលនឹងត្រូវបានសាងសង់ថ្មីៗទៀតនោះនឹងមានកម្ពស់ត្រឹមពាក់កណ្តាលនៃកម្ពស់អគារតៃប៉ិ ១០១ តែប៉ុណ្ណោះ ដែលអគារនេះនឹងនៅតែជាអគារដ៏លេចធ្លោប្រចាំតំបន់សម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀត។
បើមើលពីទិដ្ឋភាពតាមដងផ្លូវវិញ Nan Shan Plaza ពិតជាសមគ្នាទៅនឹងមជ្ឈដ្ឋានជុំវិញរបស់ខ្លួនពិតមែន។ វាមានទីតាំងនៅខាងចុងតំបន់សម្រាប់អ្នកថ្មើរជើង និងងាយស្រួលជិះកង់ដែលនៅចន្លោះអគារនេះ និងអគារតៃប៉ិ ១០១ ។ ដោយសារតែស្ថិតនៅទីតាំងដ៏ល្អ ថ្លៃជួលនៅខាងក្នុង Nan Shan Plaza ក៏មិនមានតម្លៃថោកដែរបើគិតតាមស្តង់ដារតៃប៉ិ ប៉ុន្តែថ្លៃជួលនេះនៅតែមានតម្លៃត្រឹមតែមួយភាគតូចប៉ុណ្ណោះបើធៀបទៅនឹងតម្លៃការិយាល័យនៅតំបន់ត្រូវប៉ាន់នៅទីក្រុងសៀងហៃ សិង្ហបុរី ឬហុងកុង ។ អាស្រ័យលើជាន់ និងទេសភាព ថ្លៃជួលអាចប្រែប្រួលពី ៣,៥០ ទៅ ៤,២០ ក្នុងមួយហ៊្វូតការ៉េ៕
ប្រភព៖ New York Times