ត្បូងឃ្មុំ៖ លោកឧកញ៉ា លី ហួរ ដែលទទួលបានជោគជ័យក្នុងការវិនិយោគបុរីនៅទីក្រុងភ្នំពេញ គ្រោងនឹងបោះជំហានទៅកាន់ខេត្តត្បូងឃ្មុំ ដើម្បីសាងសង់បុរីនៅទីក្រុងថ្មីនេះនាពេលខាងមុខ។ ហើយរហូតមកទល់ពេលនេះ លោកបានទិញដីបានប្រមាណ ២០០ ហិកតារួចហើយ ដោយគ្រោងវិនិយោគលើលំនៅដ្ឋាន និងផ្សារនៅទីក្រុងថ្មីនេះ ប៉ុន្តែគម្រោងផ្សារប្រហែលជាផ្អាក ដោយសារដីសម្រាប់សាងសង់ផ្សារត្រូវគោរពតាមប្លង់មេរបស់ក្រុង ត្រូវបានអ្នកមានអំណាចទិញអស់ហើយនិងលក់ក្នុងតម្លៃថ្លៃពេក។ ប៉ុន្តែគម្រោងសាងសង់បុរីនឹងចាប់ផ្តើមនៅក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខនេះ ហើយការសាងសង់លំនៅឋាន នឹងធ្វើឡើងជាជំហានៗតាមតម្រូវការទីផ្សារជាក់ស្តែង។
លោកឧកញ៉ា លី ហួរ បានបញ្ចាក់ថា វាមានការលំបាកបន្តិច ដោយសារទីក្រុងថ្មីនេះមិនទាន់មានមនុស្សរស់នៅច្រើន ហើយនៅទូទាំងខេត្តមានប្រជាពលរដ្ឋជាង៨០ម៉ឺននាក់ដែលរស់នៅរាយប៉ាយ ហើយនៅជុំវិញតំបន់នេះក៏មានផ្សារសួង ផ្សារពញាក្រែក និងផ្សារមេមត់រួចទៅហើយ ហេតុនេះនឹងអភិវឌ្ឍសន្សឹមៗ និងមើលតាមស្ថានភាពទីផ្សារ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ការវិនិយោគលំនៅឋានឬផ្សារទំនើបនៅក្នុងទីក្រុងថ្មីនេះ ត្រូវចំណាយពេលវេលាយូរតទៅទៀតប្រហែលជា ៥ទៅ ១០ឆ្នាំ ព្រោះទីក្រុងថ្មីនេះស្ថិតនៅកណ្តាលព្រៃមិនទាន់មានមនុស្សចូលទៅរស់នៅនៅឡើយទេ ប៉ុន្តែប្រសិនជាចង់ទាក់ទាញអ្នកវិនិយោគទៅវិនិយោគនៅទីនោះរដ្ឋាភិបាលត្រូវផ្តល់ដី និងហេដ្ឋារចនាសម្ព័ន្ឋនានា ។ អ្វីជាការបារម្ភ គឺដីតំបន់នោះបានហើមរួចទៅហើយដោយដីទំហំ ៥ គុណ ២០ ម៉ែត្រ មានតម្លៃចាប់ពី ១០,០០០ ទៅ ២០,០០០ ដុល្លារ ដែលតាមពិតដីទាំងនោះគួរមានតម្លៃត្រឹម ២០០០ ដុល្លារប៉ុណ្ណោះ៕
ប្រភព៖ Post Khmer