អាមេរិក៖ លោក David Bach គឺជាអ្នកជំនួញជោគជ័យ និង ជាអ្នកនិពន្ធដ៏ល្បីឈ្មោះ ម្នាក់របស់អាមេរិក។ លោកបានធ្វើបទសម្ភាសន៍មួយជាមួយសារព័ត៌មានរបស់ CNBC និងបានលើកឡើងថា ការមិនទិញផ្ទះគឺជាកំហុសដ៏ធំមួយក្នុងជីវិតមនុស្សម្នាក់ៗ ហើយការទិញផ្ទះ គឺជាផ្លូវឆ្ពោះទៅកាន់ភាពស្ដុកស្ដម្ភក្នុងជីវិត។
សេដ្ឋីរូបនេះបញ្ជាក់ថា មានមនុស្សជាច្រើនមិនសូវបានគិតអំពីបញ្ហាក្នុងការទិញផ្ទះនោះទេ បែរជាស៊ូទ្រាំជួលផ្ទះគេអស់ពេលជាច្រើនឆ្នាំ។ ប៉ុន្តែបើពួកគេខិតខំទិញផ្ទះវិញ ទោះលំបាកបន្តិចយ៉ាងណាក៏ដោយ តែផ្ទះនោះនឹងក្លាយជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយអាចរស់នៅដោយមានទ្រនំច្បាស់លាស់ និងមិនបាច់ចំណាយលើថ្លៃជួលរយៈពេលវែង ។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះនៅលើពិភពលោក ប្រជាជនសឹងតែទាំងអស់សុទ្ធតែប្រើវិធីសាស្ត្របង់រំលស់ដើម្បីទិញផ្ទះ។ ហើយបើគិតទៅលើតម្លៃដែលត្រូវបង់ដើម្បីទិញផ្ទះ និង តម្លៃដែលជួលផ្ទះ មានតូលេខមិនខុសគ្នាប៉ុន្មានទេ ។ ចំពោះទឹកប្រាក់ដែលអ្នកនឹងចំណាយប្រហាក់ប្រហែលគ្នា បើសិនអ្នកចំណាយលើជួលផ្ទះនៅថ្ងៃមុខនឹងនៅតែចំណាយបែបនេះរហូត ប៉ុន្តែបើអ្នកចំណាយលើការបង់រលស់ផ្ទះ នៅអនាគតផ្ទះនោះនឹងក្លាយជាកម្មសិទ្ធរបស់អ្នកផ្តាច់មុខ៕
ប្រភព ៖ Business Insider